ប្រទេសជប៉ុននឹងអញ្ជើញប្រទេសដែលកំពុងមានការរីកចម្រើនមួយចំនួន ដើម្បីចូលរួមក្នុងកិច្ចប្រជុំកំពូល G7 នាខែក្រោយ នៅទីក្រុង Niigata ដោយមានជប៉ុនធ្វើជាម្ចាស់ផ្ទះ។ នេះបើតាមការចុះផ្សាយពី CNA។
ដោយឡែក រដ្ឋមន្ត្រីហិរញ្ញវត្ថុជប៉ុន Shunichi Suzuki បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានក្រោយកិច្ចប្រជុំគណៈរដ្ឋមន្ត្រីថា ប្រទេសដែលនឹងត្រូវអញ្ជើញចូលរួមក្នុងកិច្ចប្រជុំមេៗហិរញ្ញវត្ថុមានដូចជា ឥណ្ឌា ឥណ្ឌូណេស៊ី កូរ៉េខាងត្បូង សិង្ហបូរី និងប្រេស៊ីល។
សូមជម្រាបដែរថា ជប៉ុនទទួលបានឱកាសក្លាយជាម្ចាស់ផ្ទះសម្រាប់កិច្ចប្រជុំកំពូល G7 នាឆ្នាំនេះ ខណៈការប្រជុំរវាងរដ្ឋមន្ត្រីហិរញ្ញវត្ថុ និងទេសាភិបាលធនាគារកណ្តាល ត្រូវធ្វើឡើងនៅទីក្រុង Niigata ពីថ្ងៃទី ១១ ដល់ ១៣ ឧសភា។
សមាជិកក្រុម G7 មានដូចជា កាណាដា បារាំង អាល្លឺម៉ង់ អ៊ីតាលី ជប៉ុន ចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិក លើសពីនេះ សហភាពអឺរ៉ុបគឺជា “សមាជិកមិនរាប់បញ្ចូល”៕