អ្នកឧកញ៉ា ថ្នាក់ដឹកនាំក្រុមហ៊ុន វឌ្ឍនៈ ប៊្រូវើរី ៣រូប ដង្ហែព្រះអគ្គិជ័យកីឡា អបអរការបើកព្រឹត្តិការណ៍កីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម

ជុំវិញ​ឧកញ៉ា

ថ្នាក់ដឹកនាំជាន់ខ្ពស់ ក្រុមហ៊ុន វឌ្ឍនៈ ប៊្រូវើរី និងបុគ្គលិករបស់ក្រុមហ៊ុនគ្រប់ជាន់ថ្នាក់ នាព្រឹកថ្ងៃទី២៩ ខែ​មេសា ឆ្នាំ២០២៣ នេះ  បានចូលរួមដោយផ្ទាល់ ដឹកនាំកម្មវិធីដង្ហែព្រះអគ្គិជ័យកីឡា ដើម្បីអបអរដំណើរឆ្ពោះទៅការបើកព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ជាផ្លូវការនៅកម្ពុជា គួរជាទីមោទនភាព។ 

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ពិធីដង្ហែព្រះអគ្គិជ័យកីឡាប្រព្រឹត្តទៅប្រកបដោយភាពអធិកអធម មានអត្ថន័យជ្រាលជ្រៅ កត់ត្រាជាប្រវត្តិ​សាស្រ្តថ្មីសម្រាប់កម្ពុជា ដោយមានការអញ្ជើញចូលរួមដោយអ្នកឧកញ៉ា សំ អាង និង អ្នកឧកញ៉ា ឈុន លាង សហស្ថាបនិក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី  និងអ្នកឧកញ៉ា សំអាង វឌ្ឍនៈ អគ្គនាយកក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី  រួមទាំងឯកឧត្តម លោកជំទាវ គណៈគ្រប់គ្រង មន្ត្រីពាក់ព័ន្ធ សិល្បៈករ សិល្បៈកានី សិស្ស និស្សិត ក្រុមកីឡាករ និងអត្តពលិកជាច្រើនរូប។

ទិដ្ឋភាពដ៏ក្លៀវក្លានៃក្បួនដង្ហែអគ្គិជ័យកីឡា ឆ្លុះបញ្ចាំងពីការត្រៀមខ្លួនរួចជាស្រេចរបស់កម្ពុជា ក្នុងការធ្វើជាម្ចាស់ផ្ទះលើកដំបូងក្នុងការរៀបចំការប្រកួតកីឡាស៊ីហ្គេមលើកទី៣២និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ បន្ទាប់ពី​ខកខាន​​អស់រយៈពេល ៦៤ ឆ្នាំ។

ពិធីដង្ហែព្រះអគ្គិជ័យកីឡាប្រកបដោយអច្ឆរិយភាព មិនត្រឹមតែបង្ហាញពីនិមិត្តរូបតំណាងឲ្យការប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ នោះទេ ប៉ុន្តែក៏បង្ហាញពីភាពរុងរឿងនៃកីឡា ការរីកចម្រើនឥតឈប់ឈរ និងការអភិវឌ្ឍគ្រប់វិស័យនៅកម្ពុជាក្រោមដំបូលសន្តិភាព។ លើសពីនេះ ព្រះអគ្គិកីឡាដែលបានដង្ហែគ្រប់ប្រទេសក្នុងតំបន់អាស៊ាន គឺជាការពង្រឹងសាមគ្គីភាព ចំណងមិត្តភាព ទំនាក់ទំនង និងសុខដុមរមនា តាមរយៈការប្រកួតកីឡាដែលជាភាសាអាស៊ានតែមួយ បេះដូងលោតក្នុងចង្វាក់តែមួយ មានទស្សនៈតែមួយ     អត្តសញ្ញាណតែមួយ សហគមន៍តែមួយ ដែលរស់នៅក្នុងសង្គមសន្តិភាពជានិរន្តរ។

គួររំឮកដែរថា ពិធីដង្ហែព្រះអគ្គិជ័យកីឡានេះ មានទិសដៅចង្ហែ និងគោចរនៅជុំវិញបឹងទន្លេសាប ដោយចេញពីរាជធានីភ្នំពេញ ឆ្លងកាត់ខេត្តកំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ សៀមរាប កំពង់ធំ កំពង់ចាម ហើយបន្ដដង្ហែតាមផ្លូវជាតិលេខ៦ រហូតដល់ពហុកីឡដ្ឋានជាតិមរតកតេជោ ដើម្បីបើកការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ នៅថ្ងៃទី ៥ ខែឧសភា ឆ្នាំ២០២៣។

ក្រុមហ៊ុន វឌ្ឍនៈ ប៊្រូវើរី ចូលរួមចែករំលែកភាពរីករាយ និងអំណរសាទរទៅកាន់ប្រជាជនកម្ពុជា និងភ្ញៀវ    អន្តរជាតិដែលមកកម្សាន្តនៅកម្ពុជានាឱកាសព្រឹត្តិការណ៍កីឡាដ៏វិសេសវិសាល។ នេះក៏ជាមោទនភាពរបស់ វឌ្ឍនៈ ប៊្រូវើរី ដែលបានក្លាយជាដៃគូសហការឧបត្ថម្ភធំផ្លូវការសម្រាប់ព្រឹត្តិការណ៍កីឡាធំទាំងពីរ ទៅលើផលិតផលស្រាបៀរ ភេសជ្ជៈ រួមទាំងថវិកាឧបត្ថម្ភជាច្រើន។

ទាំងអស់គ្នា ដើម្បីកម្ពុជា!

Cambodia x វ All In