ក្រសួងវប្បធម៌ ចេញលិខិតកោតសរសើរអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដែលបានផលិតបទចម្រៀង «ស្រឡាញ់អ្វីដែលខ្មែរមាន»

ជុំវិញ​ឧកញ៉ា

លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ​​កាលពី​ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣ ​​បាន​ចេញ​លិខិត​​ថ្លែង​អំណរគុណ និង​កោតសរសើរ​​ដោយ​ស្មោះ​​អស់​ពី​ដួងចិត្ត​ ជូន​ចំពោះ​ អ្នកឧកញ៉ា ឡេង ភក្ត្រា (អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា) អគ្គនាយក​ផលិតកម្ម ហ្គាឡាក់ស៊ី ណាវ៉ាត្រា ​​ព្រម​ទាំង​អ្នកនិពន្ធ​​​ សិល្បករ សិល្បការិនី និង​ក្រុមការងារ​ទាំង​អស់ ដែល​បាន​ចូល​រួម​ផលិត​បទចម្រៀង «ស្រឡាញ់អ្វីដែលខ្មែរមាន» (Cambodian Pride)។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុង​ខ្លឹមសារ​លិខិត​ខាង​លើ បាន​បញ្ជាក់​​ទៀត​ថា ​ការ​ផលិត​បទចម្រៀង​នេះ​ គឺ​ស្រប​តាម​អនុសាសន៍ និង​ការ​អំពាវ​នាវ​​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ក្នុង​ឱកាស​ទិវាវប្បធម៌​ជាតិ​៣មីនា ឆ្នាំ២០២៣ ដើម្បី​អបអរសាទរ និង​ញ៉ាំង​បរិយាកាស​ព្រឹត្តិការណ៍​កីឡាស៊ីហ្គេម​លើកទី៣២ និង​កីឡាអាស៊ាន​ប៉ារ៉ាហ្គេម​លើក​ទី​១២ ក្នុង​នាម​កម្ពុជា​ជា​ម្ចាស់​ផ្ទះ ឱ្យ​កាន់​តែ​មានភាព​អធិកអធម។

ការផលិត​បទចម្រៀង ស្រឡាញ់អ្វីដែលខ្មែរមាន ដែល​បង្កប់​នូវ​សិល្បៈវប្បធម៌ ប្រពៃណី និង​ការ​អភិវឌ្ឍ​សង្គម​កម្ពុជា គឺជា​ការ​រួម​ចំណែក​ដ៏​សំខាន់​របស់​វិស័យ​ឯកជន ក្នុង​ការ​ផ្សព្វផ្សាយ​ពី​កត្តា​សុខសន្តិភាព ស្ថេរភាព​សង្គម និង​បាន​លើក​កម្ពស់​កិត្យានុភាព​ជាតិ លើ​ឆាក​អន្តរជាតិ ជាពិសេស​បាន​រួម​ចំណែក​ធ្វើ​ឱ្យ​ព្រឹត្តិការណ៍​កីឡាស៊ីហ្គេម​លើកទី៣២ និង​កីឡា​អាស៊ានប៉ារ៉ាហ្គេម​លើកទី១២ ដែលកម្ពុជា​ធ្វើ​ជា​ម្ចាស់ផ្ទះ កាន់​តែ​កក្រើក និង​អធិកអធម ដើម្បី​បន្សល់​ទុក​អនុស្សាវរីយ៍​​ចងចាំ​ព្រឹត្តិការណ៍​ជា​ប្រវត្តិសាស្ត្រ​នេះ ដល់​កូន​ខ្មែរ​គ្រប់​ជំនាន់។

គួររំឭក​ថា បទ «ស្រឡាញ់អ្វីដែលខ្មែរមាន» (Cambodian Pride) ដែលបង្ហាញពីមោទនភាពកម្ពុជា ភ្ជាប់​ជាមួយការភិវឌ្ឍន៍ ទេសចរណ៍ វប្បធម៌ និងដួងព្រលឹងខ្មែរ មានអ្នកចូលទស្សនាដ៏ច្រើនបំផុត​មិនធ្លាប់មាន​រហូត​ដល់ទៅជាង 19M ត្រឹមតែរយៈពេល ១ថ្ងៃប៉ុណ្ណោះ។

បទចម្រៀង MV ដែលកំពុងទទួលបានការចាប់អារម្មណ៍ខ្លាំងពីអ្នកទស្សនាក្នុងបណ្តាប្រទេសអាស៊ាននេះ ត្រូវបានផលិតដោយផលិតកម្ម Galaxy Navatra ជាផលិតកម្មដ៏ធំល្បីល្បាញឈានមុខគេនៅក្នុងប្រទេសកម្ពុជា ក្រោយមានការអំពាវនាវពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដើម្បីអមព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០២៣។ ដើម្បីចូលរួមអបអរសាទរព្រឹត្តិការណ៍ប្រវត្តិសាស្រ្តនេះ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដែលជាម្ចាស់ផលិតកម្ម បានចុះដឹកនាំដោយផ្ទាល់ផលិតបទចម្រៀង MV «Cambodian Pride» ហើយក៏ជាសហនិពន្ធ Melody និងទំនុកច្រៀង ផងដែរ ជាមួយនឹងអ្នកនិពន្ធឆ្នើម៤រូប គឺលោក សុខ ជំនោរ, លោក ខាំ ភូរិ, ឯកឧត្តម ហ៊ឹម នភា, ឧកញ៉ា យឹម តាស្រង់ និងឯកឧត្តម ខេមរៈ ភារុណ។

បទ«Cambodian Pride» ច្រៀងដោយកំពូលតារាចម្រៀងល្បីៗបំផុតប្រចាំប្រទេសកម្ពុជា ហើយកាន់ពិសេស​ទៀតនោះកំពូលតារាចម្រៀងទាំងនោះបានចាប់ដៃគ្នាក្នុងបទ MV តែមួយ គឺកំពូលតារាចម្រៀងឧកញ៉ា ព្រាប សុវត្ថិ, កំពូលតារាចម្រៀងឧកញ៉ា ខេមរៈ សិរីមន្ត, កំពូលតារាចម្រៀង ខេម និងកំពូលតារាចម្រៀងស្រីកញ្ញា តន់ ចន្ទសីម៉ា។

សូមជម្រាបជូនថា ផលិតកម្ម Galaxy Navatra ជាផលិតកម្មកម្សាន្តមួយដែលគេមើលឃើញថា ជាផលិតកម្ម​បែបឌីជីថលឈានមុខគេ នាពេលបច្ចុប្បន្ន ខណៈដែល Galaxy Navatra មួយរយៈចុងក្រោយនេះ​កំពុងឡើង​កូដ​ខ្លាំង​ក្តោបដំណែងផលិតកម្មយក្សល្បីល្បាញ ប្រមូលដោយកំពូលតារាចម្រៀងល្បីៗ កំពុងមានប្រជាប្រិយ​ភាព។ លើសពីនេះ Galaxy Navatra ក៏ជាផលិតកម្មដែលបោះជំហានឈានជើងចូលប្រឡូកក្នុងទីផ្សារអន្តរជាតិ ខណៈផលិតកម្មមួយកន្លងទៅចុះកុងត្រាលក់សិទ្ធិបទមច្រើន Are you okay ទៅផលិតកម្មនៅប្រទេសចិន​ទៀតផង៕​​