ឈរជើងរកស៊ីអស់ ១៨ ឆ្នាំ ទីបំផុតក្រុមហ៊ុន Parkson Vietnam ប្រកាសដាក់ពាក្យសុំក្ស័យធន

អន្តរជាតិ

ថ្មីៗនេះ ក្រុមហ៊ុនផ្សារទំនើប Parkson Vietnam បានធ្វើការដាក់ពាក្យសុំក្ស័យធន នៅក្នុងទីក្រុងហូជីមិញ ប្រទេសវៀតណាម ដោយនឹងត្រូវបញ្ចប់អាជីវកម្មរបស់ខ្លួន ក្រោយឈរជើងរកស៊ី អស់រយ:ពេល ១៨ ឆ្នាំ ជាមួយនឹងការខាតបង់ទឹកប្រាក់រាប់លានដុល្លារ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Vietnam Express ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

មិនតែប៉ុណ្ណោះ ក្រុមហ៊ុនមេ Parkson Retail Asia ដែលមានមូលដ្ឋាននៅប្រទេសសិង្ហបុរី បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា វាហាក់ដល់ពេលហើយដែលប្រតិបត្តិការក្រុមហ៊ុន Parkson Vietnam របស់ខ្លួន ត្រូវបិទទា្វរ ។

គួរឱ្យដឹងថា ក្រុមហ៊ុន Parkson Vietnam ទទួលបានការខាតបង់ជាប្រវត្តិសាស្រ្ត ខណ:ការខាតបង់ធំបំផុត ត្រូវបានបូកបញ្ចូល នៅក្នុងរយ:ពេលប៉ុន្មានឆ្នាំថ្មីៗនេះ ដោយសារតែបរិយាកាសធុរកិច្ចដាំក្បាលចុះ ដែលបណ្តាលមកពីវិបត្តិជំងឺកូវីដ-១៩ ។

យ៉ាងណាមិញ ក្រុមហ៊ុនបុត្រសម្ព័ន្ធនៅក្នុងប្រទេសវៀតណាមមួយនេះ បានកត់ត្រាអំពីការខាតបង់របស់ខ្លួន មុនពេលបង់ពន្ធ ចំនួន ២,៣លានដុល្លារសិង្ហបុរី (១,៧២លានដុល្លារ) កាលពីឆ្នាំមុន ធៀបទៅនឹងប្រាក់ចំណេញមុនពេលបង់ពន្ធ ដែលទទួលបាន ១៣,៧លានដុល្លារសិង្ហបុរី ក្នុងឆ្នាំ ២០២១ ។

លើសពីនេះ បើតាមសេចក្តីថ្លែងការណ៍របស់ក្រុមហ៊ុនមេ Parkson Retail Asia បានបន្ថែមឱ្យដឹងទៀតថា ដោយសារតែកង្វះខាតការគាំទ្រពីម្ចាស់ដី ដែលមិនបានបញ្ចុះតម្លៃការជួលរបស់ពួកគេ ដល់ក្រុមហ៊ុន Parkson Vietnam អំឡុងពេលមានវិបត្តិកូវីដ-១៩ ទើបបានជាធ្វើឱ្យមានការប៉ះពាល់យ៉ាងខ្លាំង ដល់ហិរញ្ញវត្ថុរបស់ក្រុមហ៊ុន បែបនេះ ។

ជុំវិញបញ្ហាទាំងនេះហើយ ទើបក្រុមហ៊ុន Parkson Vietnam បានដាក់ពាក្យសុំក្ស័យធនទៅតុលាការប្រជាជននៃទីក្រុងហូជីមិញ ហើយកំពុងរង់ចាំការយល់ព្រម ខណ:ពេលដែលក្រុមហ៊ុនមេ Parkson Retail Asia បានបង្ហាញថាពួកគេនឹងបន្តផ្តោតលើប្រតិបត្តិការរបស់ខ្លួន នៅក្នុងប្រទេសម៉ាឡេស៊ីបន្ថែមទៀត ដោយបច្ចុប្បន្ន កំពុងមានហាងចំនួន ៣៨ ៕