គណៈសង្ឃពុទ្ធសាសនាកម្ពុជា បានផ្ដល់គោរមងារជូន អ្នកឧកញ៉ាបណ្ឌិត ទ្រី ភាព អគ្គនាយកក្រុមហ៊ុន ទ្រី ភាព គ្រុប ជា “មហាករុណាធម្មសិរីវិសុទ្ធិមុនី អគ្គមហាឧបាសកពុទ្ធសាសនូបត្ថម្ភក៍” និងភរិយារបស់លោក គឺអ្នកឧកញ៉ា គៀន ស្រីនាង ជា “មហាធម្មរតនវិសុទ្ធិ អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍”។ នេះបើតាមក្រុមហ៊ុន ទ្រី ភាព គ្រុប បានបង្ហាញឱ្យដឹង កាលពីថ្ងៃទី២៩ ខែមេសា ម្សិលមិញនេះ។
ក្រុមហ៊ុន ទ្រី ភាព គ្រុប បានបញ្ជាក់បន្ថែមថា តាមរយៈការផ្ដល់គោរមងារនេះ គឺពិតជាស័ក្តិសមបំផុត ចំពោះទឹកចិត្តដ៏មហាប្រពៃ របស់អ្នកឧកញ៉ា បណ្ឌិត និងលោកជំទាវ អ្នកឧកញ៉ា ដែលតែងតែលះបង់នូវធនធានផ្ទាល់ខ្លួនដ៏ច្រើនសន្ធឹកសន្ធាប់ ដើម្បីទ្រទ្រង់វិស័យព្រះពុទ្ធសាសនា នៅព្រះរាជាណាចក្រកម្ពុជា។
អ្នកឧកញ៉ា ទ្រី ភាព កំពុងគ្រប់គ្រងអាណាចក្រជំនួញគ្រាក់ៗនៅក្នុងដៃប្រមាណ ១០ក្រុមហ៊ុនលើពហុវិស័យ ដូចជា អចលនទ្រព្យ សំណង់ ទេសចរណ៍ បដិសណ្ឋារកិច្ច កសិ-ឧស្សាហកម្ម កាស៊ីណូ និងប្រេងឥន្ធនៈជាដើម។
លោក ទ្រី ភាព ទទួលគោរមងារឧកញ៉ា ពីប្រមុខរដ្ឋស្ដីទី សម្តេច ជា ស៊ីម តាមសំណើររបស់សម្តេចជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០០៤ និងត្រូវបានព្រះមហាក្សត្រ ត្រាស់បង្គាប់ផ្តល់គោរមងារ អ្នកឧកញ៉ា ដំណាលគ្នាជាមួយភរិយារបស់លោក គឺឧកញ៉ា គៀន ស្រីនាង អគ្គនាយកក្រុមហ៊ុន MDS Group, អគ្គនាយកក្រុមហ៊ុន Try Pheap Import Export រួមទាំងក្រុមហ៊ុនច្រើនទៀត នៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២១។
សូមជម្រាបថា ភរិយាអ្នកឧកញ៉ា ទ្រី ភាព គឺអ្នកឧកញ៉ា គៀន ស្រីនាង ក៏ទើបត្រូវបានព្រះមហាក្សត្រ ត្រាស់បង្គាប់ចេញព្រះរាជក្រឹត្យតែងតាំង និងផ្តល់ឋានៈជាទីប្រឹក្សាក្រសួងកិច្ចការនារី ឋានៈស្មើ អនុរដ្ឋលេខាធិការ កាលពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៣ កន្លងទៅថ្មីៗនេះផងដែរ៕