រដ្ឋបាលគយកម្ពុជានិងរដ្ឋបាលគយសាធារណៈរដ្ឋកូរ៉េ បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការនិងជួយគ្នាទៅវិញទៅមកពាក់ព័ន្ធនឹងការងារគយ កាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣។
គណៈប្រតិភូនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ដឹកនាំដោយលោក គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បានចូលរួមកម្មវិធីសប្តាហ៍គយកូរ៉េ ឆ្នាំ២០២៣ ក្រោមប្រធានបទ “កិច្ចសហប្រតិបត្តិការគយ និងឌីជីថលគយជាសាកល” ចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៣ នៅទីក្រុងសេអ៊ូលសាធារណៈរដ្ឋកូរ៉េ ។ កម្មវិធីនេះ មានការចូលរួមពីថ្នាក់ដឹកនាំ និងប្រតិភូនៃរដ្ឋបាល គយនៃប្រទេសចំនួន ៧៥ ព្រមទាំង អង្គការអន្តរជាតិ ផ្នែកឯកជន និងបណ្តាញអន្តរជាតិនៃសាកលវិទ្យាល័យគយ។
អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បានឲ្យដឹងថា នៅក្នុងជំនួបប្រជុំទ្វេភាគីនេះ ភាគីគយកម្ពុជានិងគយកូរ៉េ បានឯកភាពគ្នា បន្តពង្រឹងកិច្ចសហប្រតិបត្តិការរវាង រដ្ឋបាលគយទាំងពីរ ទាំងក្នុងកម្រិតទ្វេភាគី តំបន់ និងពហុភាគី និងគាំទ្រការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្ម សេរីទ្វេភាគីរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណៈរដ្ឋកូរ៉េ ព្រមទាំងឯកភាពគ្នារៀបចំសិក្ខាសាលាតាមរយៈ ប្រព័ន្ធវីដេអូ ដើម្បីផ្សព្វផ្សាយនីតិវិធីបំពេញបែបបទបញ្ចេញទំនិញពីគយ ក្រោមកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ទ្វេភាគីរវាងប្រទេសទាំងពីរ ជូនវិស័យឯកជន នាពេលឆាប់ៗខាងមុខ។
អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បានចាត់ទុកថា អនុស្សរណៈយោគយល់គ្នានេះ នឹងក្លាយជាយន្តការសម្រាប់បើកផ្លូវដល់ការបន្តពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីល្អបន្ថែមទៀត ការចូលរួមចំណែក លើកកម្ពស់កិច្ចសម្រួលពាណិជ្ជកម្ម ការពង្រឹងទំនាក់ទំនងកាន់តែជិតស្និទ្ធក្នុងការផ្លាស់ប្តូរនិងចែករំលែកព័ត៌មាន ដើម្បីប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន និង ការពង្រឹងកិច្ចសហការផ្តល់ជំនួយបច្ចេកទេសក្នុងការកសាង សមត្ថភាពមន្រ្តីនៃរដ្ឋបាលគយទាំងពីរ៕