កន្លងមក មហាសេដ្ឋីចិន Jack Ma បានទទួលងារជាសាស្ត្រាចារ្យកិត្តិយសនៅសាកលវិទ្យាល័យមួយនៃទីក្រុងហុងកុង ហើយថ្មីៗនេះលោកក៏ត្រូវបានសាកលវិទ្យាល័យមួយទៀតនៅប្រទេសជប៉ុន អញ្ជើញលោកជាសាស្ត្រាចារ្យបង្រៀនរយៈពេលខ្លីផងដែរ។
យោងតាមការចុះផ្សាយពី Kelo បានបង្ហាញថា ស្ថាបនិក Alibaba Group ត្រូវបានសាកលវិទ្យាល័យ Tokyo College ដែលជាស្ថាប័នថ្មីមួយគ្រប់គ្រងដោយ University of Tokyo អញ្ជើញជាសាស្ត្រាចារ្យកិត្តិយស។
រយៈពេលនៃការតែងតាំងសម្រាប់សហគ្រិនល្បីឈ្មោះរបស់ប្រទេសចិន នឹងបញ្ចប់នៅចុងខែតុលា ប៉ុន្តែកិច្ចសន្យាអាចបន្តជាប្រចាំឆ្នាំ ខណៈជាទូទៅរយៈពេលនៃការបង្រៀន អាចមានចន្លោះពី មួយ ទៅពីរឆមាសប៉ុណ្ណោះ។
សូមជម្រាបដែរថា នៅមហាវិទ្យាល័យ លោក Ma នឹងចូលរួមក្នុងផ្នែកនានា រួមទាំងការផ្តល់ប្រឹក្សាលើប្រធានបទស្រាវជ្រាវសំខាន់ៗ និងការបង្រៀនអំពីការគ្រប់គ្រង និងការចាប់ផ្ដើមអាជីវកម្ម៕