អ្នកឧកញ៉ា សៀ ឫទ្ធី ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន World Bridge Group បានបង្ហើបឱ្យដឹងថា រយៈពេល៦ខែចុងក្រោយ ក្រុមហ៊ុនរបស់លោកបានខិតខំសម្រុកធ្វើការទាំងយប់ទាំងថ្ងៃ ២៤ម៉ោងលើ២៤ម៉ោង ទើបអាចធ្វើឱ្យគម្រោងភូមិកីឡដ្ឋាន វើលដ៍ប្រ៊ីដ រួចរាល់ទាន់ពេលវេលា សម្រាប់ទទួលប្រតិភូកីឡាករមកពីបណ្តាប្រទេសអាស៊ាន ក្នុងការស្នាក់នៅ ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម ឆ្នាំ២០២៣នេះ។
អ្នកឧកញ៉ា បានលើកឡើងក្នុងបទសម្ភាសន៍មួយ កាលពីពេលថ្មីៗកន្លងទៅថា គម្រោងនេះ ប្រើពេល២ឆ្នាំក្នុងការសាងសង់ ដើម្បីបញ្ចប់គម្រោងជូនរាជរដ្ឋាភិបាល។ វាមិនមែនជារឿងងាយស្រួលទេ ព្រោះអ្វីដែលជាគម្រោងនេះកើតឡើង គឺនៅក្នុងយុគសម័យកូវីដ-១៩ បានន័យថា ក្រុមហ៊ុនជួបឧបសគ្គច្រើនណាស់ អ្វីដែលលោកអាចធ្វើបាន គឺមានតែឆន្ទៈ ហើយលោកមានឆន្ទៈក្នុងការកសាង ដើម្បីមុខមាត់ប្រទេស ដើម្បីចូលរួមចំណែកជួយដល់រាជរដ្ឋាភិបាល ក្នុងការផ្គត់ផ្គង់ការស្នាក់នៅដល់កីឡាករ។
«ក្រុមហ៊ុនយើងបានបោះទុនច្រើនមែនទែន ក្នុងការសាងសង់គម្រោងភូមិកីឡដ្ឋាននេះឱ្យរួចរាល់ បើមិនដូច្នោះទេ គឺយើងមិនអាចធ្វើទាន់ទេ។ បន្ថែមពីនេះ យើងក៏មានបញ្ហាការផ្គត់ផ្គង់សម្ភារៈមកពីក្រៅប្រទេស ដោយសារកូវីដ-១៩ ហើយយើងពិបាកក្នុងការទិញសម្ភារៈយកមកផ្គង់ផ្គង់គម្រោងរបស់យើងមែនទែន។ ទី២ គឺបញ្ហាកម្មករ ក៏មានការលំបាកដែរ ដោយសារកាលកូវីដផ្ទុះឡើងខ្លាំង មានការបិទខ្ទប់ ដូច្នេះយើងមិនមានកម្មករមកធ្វើការទេ ប៉ុន្តែរយៈពេល ៦ខែចុងក្រោយនេះ គឺយើងធ្វើការ ២៤ម៉ោងលើ២៤ម៉ោង បានន័យថា យើងខិតខំធ្វើទាំងថ្ងៃ ទាំងយប់ គ្មានពេលសម្រាកនោះទេ ដើម្បីបញ្ចប់គម្រោងនេះជូនរាជរដ្ឋាភិបាល»។ អ្នកឧកញ៉ា សៀ ឫទ្ធី បានបញ្ជាក់បន្ថែម។
អ្នកឧកញ៉ា បានបន្តថា៖ «អ្វីដែលជំរុញឱ្យខ្ញុំធ្វើភូមិកីឡដ្ឋាន វើលដ៍ប្រ៊ីដនេះ គឺកើតចេញពីឆន្ទៈផ្ទាល់ ព្រោះជាមុខមាត់របស់ប្រទេសកម្ពុជាយើង។ បើសិនជាខ្ញុំមិនមានការគិតគូបែបនេះទេ ប្រហែលជាគម្រោងមួយនេះ ធ្វើមិនទាន់ហើយនោះទេ ប៉ុន្តែដោយសារយើងគិតថា នេះជាគម្រោងមួយ ដើម្បីមុខមាត់ប្រទេសកម្ពុជា និងប្រជាជនកម្ពុជា យើងត្រូវតែខិតខំធ្វើយ៉ាងណាឱ្យហើយ»។
អ្នកឧកញ៉ា និយាយលេងសើចបន្តិចថា ដោយសារឆន្ទៈនេះហើយ គម្រោងនេះធ្វើឱ្យលោកសក់ស្កូវច្រើនណាស់ ពីព្រោះវាមិនមានជាការងារមួយស្រួលទេ ទាំងការកៀងគរកម្មករ ការគិតគូពីចង្វាក់ផលិតកម្ម ធ្វើយ៉ាងណាឱ្យរួចរាល់ទាន់ពេលនេះ វាមិនមែនជារឿងមួយសាមញ្ញនោះទេ។
សូមជម្រាបថា បើតាមការបញ្ជាក់របស់អ្នកឧកញ៉ា សៀ ឫទ្ធី ភូមិកីឡដ្ឋាន វើលដ៍ប្រ៊ីដ តម្លៃទុនវិនិយោគជាង២០០លានដុល្លារ បានសាងសង់រួចរាល់ តាំងពីសល់ពេល១៥ថ្ងៃ មុនដល់ថ្ងៃប្រកួតស៊ីហ្គេម សម្រាប់ការផ្គត់ផ្គង់ចំនួនកីឡាស្នាក់នៅ តាមតម្រូវការរបស់រាជរដ្ឋាភិបាល ហើយលោកបានប្រគល់ជូនគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) រួចរាល់ហើយផងដែរ៕