មន្ត្រីជំនាញសត្វក្នុងទឹកនៃគម្រោង IT1បានឱ្យដឹងថាក្រោយពីធ្វើការសិក្សាពិសោធន៍ជាមួយក្រុមកសិករចិញ្ចឹមត្រីរួចរាល់ ហើយយ៉ាងយូរនៅខែមិថុនាឬខែកក្កដាខាងមុខនិងមានផ្តល់កូនត្រីឬកូនបង្កងឱ្យកសិករធ្វើការពិសោធន៍ចិញ្ចឹមនៅក្នុងស្រែ ក្នុងគោលបំណងចង់ឃើញជីវភាពកសិករមានភាពល្អប្រសើរ។
នៅក្នុងកិច្ចពិភាក្សាជាមួយប្រជាកសិករចិញ្ចឹមត្រី នៅក្នុងឃុំសំបួរ ស្រុកទ្រាំង ខេត្តតាកែវ ថ្ងៃទី២៨ ខែមេសានេះលោក Jean Michel Mortillaro អ្នកជំនាញសត្វក្នុងទឹករបស់គម្រោង IT1បានប្រាប់ឧកញ៉ាញូស៍ ឱ្យដឹងថាកិច្ចពិភាក្សា ជាមួយកសិករចិញ្ចឹមត្រីថ្ងៃនេះ ក្នុងគោលបំណងសិក្សាពិសោធន៍ជាមួយកសិករទាក់ទងនិងការប្រែប្រួលអាកាសធាតុ សំខាន់គឺយើងផ្តោតទៅត្រីនិងបង្កង ដោយធ្វើយ៉ាងណាឱ្យការសិក្សាពិសោធន៍របស់យើងបានជោគជ័យ។
លោក Jean Michel Mortillaro បញ្ជាក់ថា «តាមរយៈការសិក្សាពិសោធន៍នេះយើងនិងផ្តល់កូនត្រីឬបង្កងដល់ប្រជាកសិករនៅក្នុងកំឡុងពេលខែ៦ឬខែ៧ ហើយធ្វើបន្តរហូតដល់ខែ៤ឬខែ៥ ។យើងធ្វើគម្រោងពិសោធន៍នេះស្ថិតនៅក្នុងខេត្តចំនួន១០ ហើយនៅក្នុងខេត្តតាកែវ មានពីរកន្លែងមួយនៅកសិដ្ឋានចិញ្ចឹមត្រីនិងបង្កងរបស់កសិករ សាប់ សារុន និងមួយផ្សេងទៀតនៅកន្លែងផ្សេង»។
លោកសង្កត់ធ្ងន់ថា «ទាក់ទងនិងគម្រោង IT1សំខាន់គឺយើងចង់ធ្វើឱ្យជីវភាពរបស់ប្រជាកសិករដែលអ្នកចិញ្ចឹមត្រីនិងបង្កងមានភាពប្រសើរឡើង ហើយប្រភពស្បៀងអាហារគឺមានសុវត្ថិភាព ដោយយើងមិនគិតទៅលើការចិញ្ចឹមត្រីតែមួយមុខទេ គឺយើងគិតទៅដល់ការដំាដុះស្រូវនៅក្នុងស្រែជួយឱ្យកសិករទទួលបានបានផលពីរ ក្រៅពីត្រីឬបង្កងគឺមានស្រូវមួយមុខផ្សេងទៀត។ អ៊ីចឹងវានិងធ្វើឱ្យកម្រិតជីវភាពរបស់កសិករនឹងកើនឡើង»។
លោក ង៉ែត សំបូរ កសិករចិញ្ចឹមត្រីម្នាក់នៅភូមិព្រៃភ្លង ឃុំសំបួរ ស្រុកទ្រំាង ខេត្តតាកែវ ចាត់ទុកការចូលរួមជាមួយគម្រោងខាងលើវាមានសំខាន់ណាស់សម្រាប់ កសិករដែលជាអ្នកចិញ្ចឹមត្រីទំាងអស់គ្នា។ ពួកយើងបាននិយាយពីទុកកង្វល់ឬជាបញ្ហាផ្សេងៗអំពីការចិញ្ចឹមត្រីទៅដល់ខាងមន្ត្រីជំនាញរបស់អង្គការ ដែលគាត់មកប្រមូលធាតុចូលនិងធ្វើការសិក្សាដើម្បីរកដំណោះស្រាយជួយកសិករទំាងអស់គ្នា។
លោកបន្តថា« សម្រាប់ពួកយើងបើសិនជាការចិញ្ចឹមត្រីមិនទទួលបានជោគជ័យ វាជាការខាតបង់ធំមួយព្រោះមុខរបរចិញ្ចឹមត្រីនេះយើងចំណាយដើមទុនច្រើនជាងមុខរបរកសិកម្មផ្សេងៗ»។
បើយោងតាមមន្ត្រីជំនាញនៃគម្រោង IT1 តាមការសង្កេតកន្លងមកឃើញថាប្រជាកសិករប្រមូលផលត្រីមកកន្លែងធម្មជាតិនៅតាមតំបន់។ប៉ុន្តែឥលូវនេះគិតថាធ្វើយ៉ាងណាឱ្យកសិករងាកមកចិញ្ចឹមត្រីនៅក្នុងស្រែ ហើយឱ្យពួកគាត់មានការគ្រប់គ្រងច្បាស់លាស់នោះកសិករនឹងទទួលបានផលច្រើនជាងការរកត្រីពីកន្លែងធម្មជាតិ៕
អត្ថបទ៖សារេត