កូនស្រីពៅលោក ថាក់ស៊ីន សម្រាលបុត្រ មុនការបោះឆ្នោតនាយករដ្ឋមន្ត្រីថៃ ២ សប្ដាហ៍

អន្តរជាតិ

លោកស្រី ផែថុងថាន ស៊ីណាវ៉ាត់ត្រា កំពុងក្លាយជាប្រធានបទដ៏ក្ដៅគគុក​នៅ​ប្រទេសថៃ ដ្បិត​កូនស្រីពៅរបស់លោក ថាក់ស៊ីន ស៊ីណាវ៉ាត់ត្រា ទើបនឹងសម្រាលបុត្រថ្មីថ្មោង ខណៈបច្ចុប្បន្ន​លោកស្រី​ក៏​ជា​បេក្ខភាពជួរមុខ សម្រាប់តំណែង​នាយករដ្ឋមន្ត្រីថៃ​ផងដែរ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមការចុះផ្សាយពី TheGuardian បានបង្ហាញថា លោកស្រី ផែថុងថាន បានសម្រាល​កូនប្រុស​ម្នាក់ មុនការបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រី ២ សប្ដាហ៍ ខណៈកូនប្រុស​របស់​លោកស្រី​មានឈ្មោះថា Prutthasin Sooksawas និងមានឈ្មោះហៅក្រៅថា Thasin។

ជាមួយនឹងវត្តមានចៅប្រុសថ្មី លោក ថាក់ស៊ីន បានបង្ហោះសារនៅលើបណ្ដាញសង្គម​ថា៖ “ខ្ញុំពិត​ជា​មានអារម្មណ៍រីករាយណាស់ ចំពោះវត្តមានរបស់ចៅទី ០៧។ ចៅទាំង ០៧ របស់ខ្ញុំបានកើត​នៅ​ពេលដែលខ្ញុំរស់នៅប្រទេសក្រៅ។ ខ្ញុំសុំការអនុញ្ញាតិចំពោះការត្រឡប់មកវិញ និងមើលថែ​ចៅៗខ្ញុំ ព្រោះខ្ញុំនឹងមានអាយុ ៧៤ឆ្នាំ នៅខែកក្កដានេះហើយ”។

សូមជម្រាបដែរថា មួយរយៈកាលចុងក្រោយនេះ មានចចាមអារ៉ាមថា លោក ថាក់ស៊ីន មានក្ដី​រំពឹងខ្ពស់ក្នុងការត្រឡប់ចូលស្រុកកំណើតវិញ បើសិនជាកូនស្រីពៅជាប់ឆ្នោតជានាយករដ្ឋមន្ត្រីថ្មី ប៉ុន្តែលោកស្រី ផែថុងថាន និងគណបក្សភឿថៃធ្លាប់អះអាងថា បច្ចុប្បន្ននឹងផ្ដោតតែលើការងារ​បោះឆ្នោត ជាជាងក្ដីបំណងចង់ជួយឪពុកវិលចូលស្រុកទេសវិញ៕