តម្លៃផ្ទះថ្មីៗ នៅក្នុងប្រទេសចិន ងើបឡើងបន្តិច នៅក្នុងខែមេសា

អន្តរជាតិ

យោងតាមការស្ទង់មតិឯកជនមួយ បានបង្ហាញកាលពីថ្ងៃចន្ទកន្លងទៅថា តម្លៃផ្ទះថ្មីៗ នៅក្នុងទីក្រុងចំនួន ១០០ របស់ប្រទេសចិន បានកើនឡើងបន្តិច នៅក្នុងខែមេសា ស្របពេលវិធានការគាំទ្ររបស់រដ្ឋាភិបាល បានធ្វើឱ្យមានការកើនឡើងតម្រូវការផ្ទះ នៅទីក្រុងធំ និងមធ្យម ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

បើតាមការចេញផ្សាយដោយសារព័ត៌មាន Reuters បានបង្ហាញឱ្យដឹងទៀតថា តម្លៃផ្ទះថ្មីៗ នៅក្នុងខែមេសាកន្លងទៅ បានកើនឡើង ០,០២% ធៀបទៅនឹងខែមុន ខណ:ជាកម្រិតដូចគ្នា កាលពីខែមីនា ដោយផ្នែកទៅលើទិន្នន័យពី China Index Academy ដែលជាស្ថាប័នស្រាវជ្រាវអចលនទ្រព្យឯករាជ្យធំបំផុតមួយ របស់ប្រទេសចិន ។

មិនតែប៉ុណ្ណោះ ស្ថាប័នដដែលនេះ បានបង្ហាញឱ្យដឹងទៀតថា នៅក្នុងខែមេសា តម្លៃផ្ទះនៅទីក្រុងចំនួន ៣០ បានរាយការណ៍ថា មានកើនឡើង ប៉ុន្តែវាបានធ្លាក់ចុះពីចំនួន ៤១ ទីក្រុង នៅក្នុងខែមីនា ។

លើសពីនេះ ការិយាល័យនយោបាយ ដែលជាស្ថាប័នសម្រេចចិត្តកំពូលនៃបក្សកុម្មុយនិស្តកំពុងកាន់អំណាច បាននិយាយកាលពីថ្ងៃសុក្រថា ប្រទេសចិននឹងបន្តគាំទ្រដល់តម្រូវការលំនៅឋាន ក៏ដូចជាធានាដល់ការផ្តល់ជូនផ្ទះឱ្យទាន់ពេលវេលា រួមទាំងជំរុញដល់ការអភិវឌ្ឍប្រកបដោយស្ថិរភាព និងរក្សាស្ថិរភាពបន្ថែមទៀត ដល់ទីផ្សារអចលនទ្រព្យ ផងដែរ។

ជម្រាបជូនផងដែរថា វិស័យអចលនទ្រព្យ ដែលមានចំនួនមួយភាគបួន នៃសេដ្ឋកិច្ចរបស់ចិន ត្រូវបានរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរកាលពីឆ្នាំមុន ដោយសារតែក្រុមហ៊ុនអភិវឌ្ឍជាច្រើន មិនអាចបញ្ចប់គម្រោងរបស់ខ្លួនឱ្យបានទាន់ពេលវេលា ដែលជាហេតុធ្វើឱ្យ​អតិថិជន​ នាំគ្នាតវ៉ាមិនព្រមបង់ថ្លៃទិញផ្ទះ ដល់ក្រុមហ៊ុនមួយចំនួន រួមទាំងការបិទខ្ទប់ ដោយសារវិបត្តិកូវីដ-១៩ ផងដែរ ៕