នារសៀលថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៣នេះ លោក គង់ សោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្តកណ្តាល នឹងអញ្ជើញជាអធិបតីភាព ក្នុងពិធីប្រកាសបង្កើត និងដាក់ឱ្យដំណើរការនូវរដ្ឋបាលក្រុងអរិយក្សត្រ នៃខេត្តកណ្តាល និងពិធីប្រកាសចូលកាន់មុខតំណែងជាអភិបាល អភិបាលរងនៃគណៈអភិបាលក្រុងអរិយក្សត្រ ដែលកម្មវិធីនេះ នឹងធ្វើឡើងនៅក្នុងបុរី វីទ្បា ទួលសង្កែ អរិយក្សត្រ របស់ ឧកញ៉ា គង់ ប៊ុនហាវ។
ដើម្បីឱ្យដំណើរការកម្មវិធីខាងលើនេះទៅបានរលូន នៅព្រឹកថ្ងៃពុធនេះ ក្រុមការងារបាននិងកំពុងរៀបចំទីតាំងប្រារព្វកម្មវិធីស្ទើរតែរួចរាល់អស់ហើយ ខណៈដែលទីតាំងប្រារព្វកម្មវិធី នឹងធ្វើឡើងនៅជាប់នឹងសាលាក្រុងអរិយក្សត្រតែម្តង ដែលស្ថិតនៅបុរី វីទ្បាទួលសង្កែ គម្រោងអរិយក្សត្រ (The Sanctuary City) នៅភូមិបារាជ សង្កាត់ស្វាយជ្រំ ក្រុងអរិយក្សត្រ ខេត្តកណ្តាល។
សូមជម្រាបថា កាលពីថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៣ សម្តេចតេជោ នាយករដ្ឋមន្ត្រី បានចេញអនុក្រឹត្យតែងតាំងលោក ចាន់ តារា អតីតអភិបាលរងស្រុកខ្សាច់កណ្តាល ជាអភិបាលក្រុងអរិយក្សត្រ ខណៈដែលការបោះឆ្នោតលើកទី១ ក្នុងការជ្រើសរើសក្រុមប្រឹក្សាក្រុងអរិយក្សត្រ នៃខេត្តកណ្តាល ត្រូវបានធ្វើឡើង កាលពីថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៣។
ជាមួយគ្នានេះ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ កាលពីថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៣ ក៏បានចេញប្រកាសផ្ទេរភារកិច្ច និងតែងតាំងអភិបាលរងនៃគណៈអភិបាលក្រុងអរិយក្សត្រ ចំនួន ៦រូប ដែលរួមមាន៖ លោក ផៃ ច័ន្ទសុភី, លោក ផុន គឹមឡុង, លោក ស៊ឺង សុផាន់ណា, លោក ជា ហ៊ោ, លោក ចាន់ គឿយ និងលោកស្រី ធី សុវណ្ណថា។
គួររំឭកថា កាលពីថ្ងៃសុក្រ ទី២៣ ខែធ្នូ ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានចេញអនុក្រឹត្យ បង្កើតក្រុងអរិយក្សត្រ នៃខេត្តកណ្តាល ដោយកាត់ឃុំចំនួន ០៦ ពីស្រុកខ្សាច់កណ្តាល គឺឃុំបាក់ដាវ ឃុំកោះឧកញ៉ាតី ឃុំព្រែកអំពិល ឃុំព្រែកលួង ឃុំព្រែកតាកូវ និងឃុំស្វាយជ្រំ និងឃុំចំនួន ០៥ ពីស្រុកល្វាឯម គឺឃុំអរិយក្សត្រ ឃុំសារិកាកែវ ឃុំពាមឧកញ៉ាអុង ឃុំព្រែកក្មេង និងឃុំបារុង ដែលធ្វើឱ្យក្រុងអរិយក្សត្រ មានសង្កាត់សរុបចំនួន ១១៕