ម៉ាឡេស៊ី ជាប់ក្នុងចំណោមប្រទេស មានការកើនឡើងទុនបម្រុងមាសខ្ពស់បំផុត

អន្តរជាតិ

យោងតាមស្ថាប័ន City Index ដែលបានប្រើប្រាស់ទិន្ន័យពីឆ្នាំ ២០១៣ ដល់ឆ្នាំ ២០២២ របស់ក្រុមប្រឹក្សាមាសពិភពលោក បានបង្ហាញឱ្យដឹងថា​ ម៉ាឡេស៊ី ជាប់ក្នុងចំណាត់ថ្នាក់ទី ៥ ជាប្រទេសដែលមានការកើនឡើងទុនបម្រុងមាសខ្ពស់បំផុត ក្នុងរយ:ពេលមួយទសវត្សរ៍ចុងក្រោយនេះ ពោលគឺបានកើនឡើង ៦,៨៤% ពីចំនួន ៣៦,៣៩ តោន ​ដល់ ៣៨,៨៨ តោន ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យ៉ាងណាមិញ លោក Matt Weller ប្រធានផ្នែកស្រាវជ្រាវទីផ្សាររបស់ City Index បានបង្ហាញឱ្យដឹងថា ការកើនឡើងនៃតម្រូវការវិនិយោគមាស កំពុងបង្ហាញពីការព្រួយបារម្ភកាន់តែខ្លាំងឡើង ក្នុងចំណោមវិនិយោគិន ទាក់ទងទៅនឹងសម្ពាធអតិផរណា នៅក្នុងទីផ្សារ ដែលវាបានជំរុញឱ្យបុគ្គលម្នាក់ៗ ត្រូវបង្ខំចិត្តស្វែងរកវិនិធានការការពារ ដែលអាចទុកចិត្តបាន ដើម្បីប្រឆាំងទៅនឹងហនិភ័យនៃអំណាចនៃការទិញ ។

យ៉ាងណា បើតាម City Index បានបង្ហាញឱ្យដឹងទៀតថា ចិន បានជាប់ចំណាត់ថ្នាក់លេខ ១ នាមជាប្រទេសមានការកើនឡើងទុនបម្រុងមាសខ្ពស់បំផុត ដោយជាមធ្យមមានចំនួន ១ ៦៩៤,៧ តោន គិតចាប់ពីឆ្នាំ ២០១៣ ដល់ឆ្នាំ ២០២១ និងបានឈានដល់កម្រិតខ្ពស់បំផុត ក្នុងចំនួន ២ ០១០,៥ តោន គិតក្នុងត្រីមាសទី ៤ ឆ្នាំ ២០២២ ដែលស្មើទៅនឹង ៣,៦% នៃទុនបម្រុងបរទេសសរុប ។

ទន្ទឹមនឹងនេះ ថៃ ជាប្រទេសដែលមានការកើនឡើងទុនបម្រុងមាសខ្ពស់បំផុតលំដាប់ទី ២ បន្ទាប់ពីចិន ក្នុងមួយទសវត្សរ៍ចុងក្រោយនេះ ដោយបានកើនឡើង ៦០,២% ពីចំនួន ១៥២,៤១ តោន ទៅ ២៤៤,១៦ តោន ។

ចំណែកឯទុនបម្រុងមាសរបស់សិង្ហបុរី ក៏បានកើនឡើង ៣០% ផងដែរ គិតក្នុងខែមករា ឆ្នាំ ២០២៣ ខណ:ត្រូវបានចាត់ទុកថាជាប្រទេស ដែលមានការកើនឡើងទុនបម្រុងខ្ពស់បំផុតទី ៣ ក្នុងរយ:ពេលមួយទសវត្សរ៍ចុងក្រោយនេះ ពោលគឺបានកើនឡើង ២០,៦៨% ពីចំនួន ១២៧,៤ តោន ទៅ ១៥៣,៧ តោន ។

ជម្រាបជូនផងដែរថា ឥណ្ឌូនេស៊ី នៅតែជាប្រទេសមានទុនបម្រុងមាសខ្ពស់បំផុតមួយផងដែរ ដោយបានកាន់កាប់មាសបន្ថែម ៥០% ក្នុងចំនួនសរុប ៥៨,៥៧ តោន ស្របពេលកូរ៉េខាងត្បូង ក៏បានជ្រើសរើសយកការបង្កើនទុនបម្រុងមាសរបស់ខ្លួនបន្ថែមទៀតផងដែរ ជាមួយនឹងកើនឡើង ០,០១% ៕