Temasek គ្រោងចាយលុយ ១០០លានដុល្លារ ទិញភាគហ៊ុន ២០% ក្នុងក្រុមហ៊ុន​គ្រឿង​អលង្ការ​ឥណ្ឌា BlueStone

អន្តរជាតិ

ថ្មីៗនេះ ក្រុមហ៊ុនវិនិយោគគ្រប់គ្រងដោយរដ្ឋសិង្ហបុរី Temasek Holdings កំពុងធ្វើការពិចារណាវិនិយោគទឹកប្រាក់ចំនួន ១០០លានដុល្លារ នៅក្នុងក្រុមហ៊ុនគ្រឿងអលង្ការឥណ្ឌា BlueStone សម្រាប់ការទិញយកភាគហ៊ុនប្រហែល ២០%។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

មិនតែប៉ុណ្ណោះ ប្រភពដដែលនេះ បានបង្ហាញឱ្យដឹងទៀតថា ការវិនិយោគនេះ នឹងផ្តល់តម្លៃដល់ក្រុមហ៊ុន BlueStone ដែលមានមូលដ្ឋាននៅទីក្រុង Bengaluru បន្ថែមទៀត បន្ទាប់ពីពួកគេក៏ទទួលបានការគាំទ្រដោយក្រុមហ៊ុនខ្នាតយក្សពីរផ្សេងទៀត ដូចជា Accel និងក្រុមហ៊ុនឧស្សាហកម្មឥណ្ឌា Ratan Tata ផងដែរ។

លើសពីនេះ នៅពេលកិច្ចព្រមព្រៀងដ៏មានសក្តានុពលជាមួយ Temasek ត្រូវបានបញ្ចប់ វាត្រូវបានគេរំពឹងថានឹងអាចជួយជំរុញដល់ផែនការរបស់ BlueStone ដើម្បីពង្រីកអាជីវកម្មរបស់ខ្លួន នៅឥណ្ឌា ខណ:ប្រទេសនេះ ត្រូវបានចាត់ទុកថាជាអ្នកប្រើប្រាស់គ្រឿងអលង្ការធំជាងគេបំផុតទី ២ របស់ពិភពលោក បន្ទាប់ពីចិន និងកំពុងមានតម្រូវការកើនឡើងខ្លាំង ក្រោយជំងឺកូវីដ-១៩ មានភាព​ធូរ​ស្រាល ។

គួរឱ្យដឹងថា BlueStone ធ្លាប់បានបង្ហាញពីផែនការធំរបស់ខ្លួន ក្នុងការបើកហាងថ្មីៗចំនួន ៣០០ បន្ថែម នៅឆ្នាំ ២០២៤ ខណ:ពេលបច្ចុប្បន្ន ក្រុមហ៊ុនអលង្ការនេះ មានហាងជាង ១៥០ រួចទៅហើយ ៕