ការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ សម្រាប់វិញ្ញាសារកីឡាវាយកូនគោល បាននិងកំពុងចាប់ផ្តើមប្រកួតពីម៉ោង៧ព្រឹក ថ្ងៃទី៨ ខែឧសភា នេះតទៅ រហូតដល់ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៣ នៅលើទីលានវាយកូនគោល ហ្គាឌិន ស៊ីធី (Garden City Golf Club) របស់អ្នកឧកញ៉ា លី យ៉ុងផាត់។
លោក ជា បូរ៉ា អគ្គលេខាធិការសហព័ន្ធកីឡាវាយកូនគោលកម្ពុជា បានបញ្ជាក់ កាលពីថ្ងៃអាទិត្យម្សិលមិញថា ក្រុមការងារបានរៀបចំជាស្រេច សម្រាប់ការប្រកួតវិញ្ញាសាកីឡាវាយកូនគោល ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម ឆ្នាំ២០២៣។
លោកបានថ្លែងឱ្យដឹងថា ការប្រកួតវិញ្ញាសាកីឡាវាយកូនគោល ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២នេះ មាន ៨ប្រទេសចូលរួម ក្នុងនោះមាន កម្ពុជា វៀតណាម ថៃ ឡាវ ហ្វីលីពីន សិង្ហបុរី ម៉ាឡេស៊ី និងឥណ្ឌូនេស៊ី ដោយមានកីឡាករ កីឡាការិនី សរុបចំនួន៥២រូប បុរស៣១នាក់ និងនារី២១នាក់។ លោក ជា បូរ៉ា បានបន្ថែមឱ្យដឹងថា ការប្រកួតកីឡាវាយកូនគោល មានចំនួន២វិញ្ញាសារ គឺឯកត្តជនផ្នែកបុរស ឯកត្តជនផ្នែកនារី និងវិញ្ញាសារលេងជាក្រុមផ្នែកបុរស និងជាក្រុមផ្នែកនារី ដែលប្រកួតចាប់ពីព្រឹកថ្ងៃទី៨ ដល់ថ្ងៃទី១៣ ខែឧសភា ទើបបញ្ចប់។
ជាមួយគ្នានេះដែរ លោក ឆោម សំបូរ អនុប្រធានគណៈកម្មការរៀបចំទូទៅនៃព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ បានថ្លែងប្រាប់ ឧកញ៉ា ញូស៍ នៅថ្ងៃចន្ទនេះថា សម្រាប់វិញ្ញាសារប្រកួតលក្ខណៈឯកត្តជន នឹងចាប់ផ្តើមប្រកួតចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី១០ ចំណែកថ្ងៃទី១១ ដល់ថ្ងៃទី១៣ គឺប្រកួតលក្ខណៈជាក្រុម។ លោក ឆោម សំបូរ បានឱ្យដឹងបន្ថែមថា ក្នុងចំណោមប្រទេសទាំង៨ គឺមានកីឡាករចំនួន៤រូប និងកីឡាការិនីចំនួន៣រូប លើកលែងតែប្រទេសឡាវ ដែលពុំមានកីឡាការិនី មានតែកីឡាករចំនួន ៤នាក់ប៉ុណ្ណោះ។
លោក ឆោម សំបូរ បានបញ្ជាក់ថា មូលហេតុដែលគណៈកម្មការជ្រើសរើសទីលានវាយកូនគោល ហ្គាឌិន ស៊ីធី ធ្វើជាទីលានសម្រាប់ការប្រកួតព្រឹត្តិការណ៍ស៊ីហ្គេមលលើកទី៣២នេះ ដោយសារមានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីសម្តេចពិជ័យសេនា ទៀ បាញ់ ប្រធានសហព័ន្ធកីឡាវាយកូនគោលកម្ពុជា។ ដូច្នេះលោកបានជ្រើសរើសទីលាននេះដោយសារ ទី១ ទីតាំងអំណោយផលខ្ពស់ នៅជិតពហុកីឡដ្ឋានមរតកតេជោ ទី២ ទីលាននេះមានសម្ភារៈគាំទ្រ និងផ្នែកផ្សេងៗគ្រប់គ្រាន់ទាំងអស់ សម្រាប់ដំណើរការប្រកួត ត្រូវតាមស្តង់ដារអន្តរជាតិ។
សូមជម្រាបជូនថា ទីលានវាយកូនគោល ហ្គាឌិន ស៊ីធី (Garden City Golf Club) គឺជាទីលានវាយកូនគោលពាក់កណ្តាលឯកជនលំដាប់ពិភពលោក ដែលបានចាប់ដំណើរការសាងសង់ឡើងដោយមហាសេដ្ឋីដ៏មានឥទ្ធិពលម្នាក់គឺឧកញ៉ា លី យ៉ុងផាត់ កាលឆ្នាំ២០១៣ ក្នុងទំហំទឹកប្រាក់វិនិយោគ ២០លានដុល្លារ លាតសន្ធឹងលើផ្ទៃដី ២៤០អា ស្ថិតនៅជាមួយសណ្ឋាគារ ហ្គាឌិន ស៊ីធី ដែលជាសណ្ឋាគារលំដាប់អន្តរជាតិផ្កាយ៥ ស្ថិតនៅក្នុងតំបន់អភិវឌ្ឍន៍ទីក្រុងរណបថ្មី ក្នុងសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ ប្រមាណ ១៥គីឡូម៉ែត្រពីរាជធានីភ្នំពេញ៕