លោក ហ៊ុន ម៉ានី ផ្ញើសារដល់អ្នកស្នេហាវិស័យកីឡានៅកម្ពុជា ពុំគួរធ្វើទង្វើដែលពុំគួរធ្វើ

សង្គម​ និង​សេដ្ឋកិច្ច

ក្រុមកីឡាបាល់ទះជម្រើសជាតិកម្ពុជា បានយកឈ្នះក្រុមជម្រើសជាតិថៃ ដោយវាយបកយកឈ្នះក្នុងលទ្ធផល ៣សិត ទល់ ២ សម្រាប់វិញ្ញាសាបាល់ទះបុរសក្នុងសាល វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ នៅពហុកីឡជាតិអូឡាំពិក នាយប់ថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៣។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ជ័យជំនះ និងការសាទរបានបន្លឺឡើងយ៉ាងកងរំពងពីអ្នកគាំទ្រនៅទីលានប្រកួតផ្ទាល់ និងប្រជាពលរដ្ឋដែលទស្សនាតាមការផ្សាយនានាទូទាំងប្រទេស។ យ៉ាងណាមិញ អ្នកគាំទ្រកម្ពុជាមួយក្រុមបានស្រែកចំអកទៅកាន់ក្រុមបរាជ័យថៃថា go home thailand go home thailand ដែលជាទង្វើមិនល្អឡើយ សម្រាប់កម្ពុជាយើងជាម្ចាស់ផ្ទះ។

ជុំវិញរឿងនេះ លោក ហ៊ុន ម៉ានី បានសរសេរលើហ្វេសប៊ុកនៅថ្ងៃទី៨ ខែឧសភានេះ ដោយចាត់ថាជា៖ ទង្វើដែលមិនគួរឲ្យកើតមាន។

លោកបន្តថា៖ «ឈ្នះ ឬ ចាញ់ក្នុងស្មារតីកីឡាជារឿងធម្មតា តែក្នុងនាមយើងជាម្ចាស់ផ្ទះ យើងគប្បីធ្វើបដិសណ្ឋារកិច្ច និងយកចិត្តទុកដាក់ទទួលមិត្តភក្តិបរទេសដែលអញ្ញើញមកកម្ពុជាមិនថាជាកីឡាករ គ្រូបង្វឹក ឬអ្នកគាំទ្រណានោះទេ ធ្វើយ៉ាងណាផ្តល់នូវភាពការស្វាគមន៍ប្រកបដោយភាពកក់ក្តៅ ភាតរភាព និងទទួលបានអនុស្សាវរីយ៍ល្អៗខណៈពេលដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។រឿងរ៉ាវដែលនាំឲ្យមានការប៉ះពាល់ដល់សតិអារម្មណ៍ ឬការមិនពេញចិត្តណាមួយមកលើកម្ពុជារបស់យើង បែបនេះ ជាអ្វីដែលយើងគួរតែជៀសវាងឲ្យបានជាដាច់ខាត មិនថាការចូលរួមធ្វើដោយផ្ទាល់ ឬការបញ្ចេញមតិយោបល់លើបណ្តាញសង្គមនោះទេ»។

លោកបានបន្ថែមទៀតថា៖ «យើងសង្ឃឹម ហើយជឿជាក់ថា រឿងហេតុបែបនេះនឹងមិនមានកើតឡើងជាបន្តទៀតនោះទេ ខណៈពេលដែលកម្ពុជាកំពុងធ្វើជាម្ចាស់ផ្ទះ ទាំងព្រឹត្តិការណ៍កីឡាស៊ីហ្គេមចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី១៧ ខែឧសភា ទាំងអាស៊ានប៉ារ៉ាហ្គេម នៅថ្ងៃទី៣ ដល់ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៣។ កម្ពុជាយើងបានខិតខំប្រឹងប្រែងច្រើនណាស់ទាំងប្រមុខរាជរដ្ឋាភិបាល ទាំងគណៈកម្មការរៀបចំ ទាំងសហព័ន្ធកីឡានានា ទាំងកីឡាករ កីឡាការិនី និងអ្នកចូលរួមទាំងអស់។ ដូច្នេះយើងម្នាក់ដែលជាប្រជាពលរដ្ឋខ្មែរត្រូវខ្នះខ្នែងប្រឹងប្រែង ចូលរួមដោយសប្បាយរីករាយ ក៏ដូចជាកសាងបាននូវអនុស្សាវរីយ៍ឲ្យបានច្រើនសម្រាប់ខ្លួនយើងផង និងមិត្តភក្តិបរទេសរបស់យើងផង»។

សូមបញ្ជាក់ថា ក្រុមកីឡាបាល់ទះជម្រើសជាតិកម្ពុជា បានវាយបកថៃដែលនាំមុខខ្លួន ២-០ រហូត ទទួលបានជ័យជម្នះ ៣-២ វិញ ដើម្បីឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រជាប្រវត្តិសាស្ត្រក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ និងជាលើកដំបូងបំផុត។ ក្នុងការប្រកួត ថៃបាននាំមុខ ២សិតទល់នឹង០ (២៥-១៨, ២៥-២១) ប៉ុន្តែម្ចាស់ផ្ទះកម្ពុជា វាយបកបាន២សិតវិញជាមួយនឹងលទ្ធផល ២៥-២១, ២៥-១៦ ហើយឈានដល់សិតកាត់សេចក្តី ធ្វើឲ្យកម្ពុជាឈ្នះថៃ ១៥-១០ ដើម្បីឡើងទៅដណ្តើមមេដាយមាសជាមួយឥណ្ឌូណេស៊ី។

បន្ទាប់ពីជ័យជម្នះយ៉ាងភ្លូកទឹកភ្លូកដី គេសង្កេតឃើញថានៅថ្ងៃនេះ ប្រជាពលរដ្ឋអ្នកគាំទ្រសម្រុកទៅយកសំបុត្រចូលទស្សនាការប្រកួតបាល់ទះ វគ្គផ្តាច់ព្រ័ត្រ រវាងកម្ពុជា vs ឥណ្ឌូណេស៊ី វេលាម៉ោង៧:៣០នាទីយប់ ថ្ងៃទី០៨ ឧសភា ឆ្នាំ ២០២៣ នេះនៅស្តាតអូឡាំពិក៕

អត្ថបទ៖ អក្ខរា