លោក ធាវ ឈីហាន ( Teo Chee Hean ) ទេសរដ្ឋមន្ដ្រី រដ្ឋមន្ដ្រីសម្របសម្រួលសន្ដិសុខជាតិសិង្ហបុរី បានបង្ហាញការអបអរសាទរជូនដល់កម្ពុជា ដែលបានរៀបចំនូវព្រឹត្តិការណ៍ស៊ីហ្គេមបានយ៉ាងរលូន បានយ៉ាងអស្ចារ្យ និងជោគជ័យ។ទន្ទឹមគ្នានេះ លោក ក៏បានបង្ហាញការប្តេជ្ញាចិត្តថា នឹងខិតខំជំរុញទំនាក់ទំនងជាមួយកម្ពុជាឱ្យឈានឡើងមួយជំហ៊ានទៀតផងដែរ។
ការលើកឡើងនេះ ត្រូវបានបង្ហាញឡើងនៅក្នុងជំនួបពិភាក្សាការងារជាមួយសម្ដេចតេជោ ហ៊ុន សែន នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៣ នេះ។
នៅក្នុងជំនួបនេះលោក ធាវ ឈីហ៊ាន បានគោរពសម្ដែងនូវការ អបអរសាទរជូនដល់សម្ដេចតេជោ ដែលបានរៀបចំនូវព្រឹត្តិការណ៍ស៊ីហ្គេមបានយ៉ាងរលូន បានយ៉ាងអស្ចារ្យ និងជោគជ័យ ខណៈលោកថា កីឡាករ កីឡាការិនី និងអ្នកដែលមកចូលរួម គឺបានទទួលនូវការរីករាយ និងបដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅ។
ជាមួយគ្នានេះ លោក ធាវ ឈីហ៊ាន ក៏បានគោរពជម្រាបខ្លួនសម្ដេចតេជោថា ក្នុងដំណើរទស្សនកិច្ចរបស់ឯកឧត្តមមកកាន់ព្រះរាជាណាចក្រកម្ពុជានៅពេលនេះ គឺដើម្បីជំរុញទំនាក់ទំនងរវាងប្រទេសទាំងពីរឱ្យឈានឡើងមួយជំហ៊ានទៀត។
ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណជូនចំពោះរដ្ឋាភិបាល និងប្រជាជនសិង្ហបុរី ដែលបានបញ្ជូនកីឡាករ កីឡាការិនីមកចូលរួមប្រកួតស៊ីហ្គេមនៅកម្ពុជា។សម្តេចតេជោ ក៏បានថ្លែងអំណរគុណផងដែរ ជូនដល់រដ្ឋាភិបាលសិង្ហបុរី ដែលបានគាំទ្រកម្ពុជាក្នុងឱកាសដែលកម្ពុជារៀបចំនិងដឹកនាំកិច្ចប្រជុំកំពូលនិងកិច្ចប្រជុំកំពូលពាក់ព័ន្ធនៅព្រះរាជាណាចក្រកម្ពុជាហើយពាក់ព័ន្ធនឹងការជំរុញទំនាក់ទំនងរវាងប្រទេសទាំងពីរ ដើម្បីឈានឡើងមួយជំហានថែមទៀតនោះ។
ជាមួយគ្នានេះ សម្ដេចតេជោ ក៏បានវាយតម្លៃខ្ពស់លើកិច្ចសហប្រតិបត្តិការ ដែល មានស្រាប់រវាងប្រទេសទាំងពីរ ទំនាក់ទំនងរវាងប្រទេសទាំងពីរ ហើយក៏បានលើកទឹកចិត្តឲ្យភាគីទាំងពីរពិនិត្យមើលការជំរុញការអនុវត្តតាមកិច្ចព្រមព្រៀង និងអនុស្សាណៈដែលបានចុះហត្ថលេខាហើយ ជាពិសេសលើវិស័យថាមពល និងវិស័យទីផ្សារកាបោន ខណៈសម្តេចក៏បានលើកទឹកចិត្តឱ្យមានការពិនិត្យមើលលទ្ធភាពក្នុងការធ្វើកិច្ច សហប្រតិបត្តិការលើវិស័យ ដទៃទៅទៀត ដែលអាចធ្វើទៅបានផងដែរ៕ អត្ថបទ៖ ពិសី