មានសម្បុរស និងមានអាយុជាង៤០ឆ្នំា ឈរពាត់ដៃ ពាក់មួក និងស្ពាយកាតាបតូចមួយនៅខាងក្រោយខ្នង កំពុងត្រួតពិនិត្យមើលកម្មករចាក់បេតុងសាងសង់ប្រឡាយមួយខ្សែស្ថិតនៅ ភូមិព្រៃភ្លង ឃុំសំបួរ ស្រុកទ្រំាង ខេត្តតាកែវ ដែលគេដឹងថា ជាលោក សុខ គឹមធឿន ទទួលបានការងារសាងសង់ផ្លូវ និងប្រឡាយទឹក សម្រាប់ស្រោចស្រពក្នុងវិស័យកសិកម្មចល័តគ្រប់ខេត្តជាបន្តបន្ទាប់ តាមរយៈក្រុមហ៊ុនម៉ៅការក្នុងស្រុក។
បើតាមលោក សុខ គឹមធឿន លោកមានបងប្អូនពីរនាក់ ហើយលោក ជាកូនពៅ និងមានស្រុកកំណើតនៅភូមិទ្រៀន ឃុំទ្រៀន ស្រុកកំពង់សៀម ខេត្តកំពង់ចាម ជាក្មេងកំព្រាឪពុកម្តាយតំាងពីមិនទាន់ដឹងក្តី និងបានរៀនសូត្រនៅសាលាត្រឹមថ្នាក់ទី៣ ព្រោះតែជីវភាពបានជំរុញឱ្យកុមាររូបនេះបោះបង់ការសិក្សានៅត្រឹមថ្នាក់មតេយ្យ ហើយឆាកជីវិតពេលនោះរស់នៅតាមបែប ធ្វើជាកូនសិស្សលោកនៅវត្ត។
លោក បញ្ជាក់ថា «ចាប់ផ្តើមធ្វើជាកម្មករសំណង់តំាងពីអាយុ១៥ឬ១៦ឆ្នំា ដែលកាលនោះក្នុងមួយថ្ងៃទទួលបានប្រាក់ឈ្នួលជាង៤០០០រៀល ដែលតម្រូវឱ្យការរស់នៅត្រូវចេះសន្សំសំចៃក្នុងនាមជាយុវវ័យ។ តែក្រោយមានគ្រួសារ មានជំនាញក្នុងផ្នែកសំណង់ ខ្ញុំទទួលបានប្រាក់ឈ្នួលពីចន្លោះ៧ ០០០ទៅដល់២០ ០០០រៀលក្នុងមួយថ្ងៃ ហើយក្រោយមកមួយរយៈក្រោយមកទៀត ផ្នែកចំណេះជំនាញខ្ញុំចាប់ផ្តើមចេះម៉ៅការសាងសង់ដោយខ្លួនឯង និងបើគិតរហូតមកដល់សព្វថ្ងៃនេះមានរយៈជាង១០ឆ្នំាហើយ»។
លោក សុខ គឹមធឿន ទទួលស្គាល់ថា ការរៀនសូត្របានតិចតួច នៅពេលវាយតម្លៃគម្រោងការងារវាមានការលំបាក ឬឈឺក្បាលមិនដូចអ្នកទទួលបានការអប់រំជ្រៅជ្រះ។ សម្រាប់ការសាងសង់ប្រឡាយទឹកនាពេលនេះ លោក មានកម្មករធ្វើការចំនួន២៧នាក់ ហើយក្នុងម្នាក់ទទួលបានប្រាក់ឈ្នួលពលកម្មចន្លោះពី៤ម៉ឺនរៀល ទៅដល់៦ម៉ឺនរៀល ខណៈការហូបចុកប្រចំាថ្ងៃលោកជាអ្នកទទួលរ៉ាប់រង។
លោក បន្តថា ក្នុងមួយខែក្រៅពីការកាត់ចំណាយឬបើប្រាក់ឈ្នួលទៅដល់កម្មករទំាង ២៧នាក់ រួចហើយ សម្រាប់ខ្លួនឯងនៅសល់៥០០ឬ៦០០ដុល្លារអាមេរិក ក្នុងមួយខែ សម្រាប់ផ្គត់ផ្គង់គ្រួសារ និងការសិក្សារបស់កូនទំាង២នាក់ ដែលមួយកំពុងសិក្សានៅមហាវិទ្យាល័យ និងមួយទៀតសិក្សានៅវិទ្យាល័យ។ លោក ថាជីវភាពគ្រួសារពេលសព្វថ្ងៃនេះ ហាក់មានភាពប្រសើរជាងពេលមុនបន្តិច យើងមានម៉ូតូជិះគ្រប់គ្រាន់ និងមានរថយន្តប្រើប្រាស់សម្រាប់បម្រើដល់ការងារជិតឆ្ងាយ ខុសគ្នាកាលពីមុនជីវិតជួបការលំបាក រកតែកង់មួយជិះទៅធ្វើការមិនបានផង៕
អត្ថបទ៖សារេត