ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី ចេញលិខិតអបអរសាទរនាយឧត្តមសេនីយ៍ សៅ សុខា ក្នុងការបន្តធ្វើជាប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា តាមការអំពាវនាវរបស់សម្តេចតេជោ

សង្គម​ និង​សេដ្ឋកិច្ច

នាថ្ងៃទី០៩ ឧសភា ឆ្នាំ២០២៣ នេះ ក្នុងនាមជាម្ចាស់ឧបត្ថម្ភធំផ្លូវការរបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា ក្នុងនាមថ្នាក់ដឹកនាំ និងបុគ្គលិកគ្រប់​ជាន់ថ្នាក់​ទាំងអស់ ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី បានចេញលិខិត​សេចក្តីថ្លែងការណ៍ សម្តែង​នូវការ​អបអរសាទរ​​យ៉ាង​ក្លៀវក្លាបំផុត​ចំពោះ​ឯកឧត្ដមនាយឧត្តមសេនីយ៍ សៅ សុខា ក្នុង​ការ​បន្តធ្វើជាប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា​តទៅ​ទៀត តាមការអំពាវនាវរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រកម្ពុជា ក្រសួងអប់រំ យុវជន និងកីឡា ក្រុមហ៊ុនម្ចាស់ឧបត្ថម្ភធំផ្លូវការ និងមហាជននិយមស្នេហាកីឡាបាល់ទាត់កម្ពុជាដ៏ច្រើនលើសលុប។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី សូមគោរពថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូន សម្តេចតេជោ នាយករដ្ឋមន្រ្តី ដែលបានចេញសារអន្តរាគមអំពាវនាវយ៉ាងទាន់ពេលវេលាក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា និងប្រជាជនកម្ពុជា​និយមស្នេហាកីឡាបាល់ទាត់ ដើម្បីស្នើ ឯកឧត្តមនាយឧត្តមសេនីយ៍ សៅ សុខា ដែលមានស្នាដៃ និងគុណ​បំណាច់​ដ៏ធំធេងក្នុងការលើកស្ទួយវិស័យកីឡាបាល់ទាត់កម្ពុជា ឱ្យបន្តដឹកនាំសហព័ន្ធកីឡាបាល់ទាត់​កម្ពុជា​តទៀត។

សម្តេចតេជោ គឺជាថ្នាក់ដឹកនាំកំពូល ដែលតែងតែយកចិត្តទុកដាក់ស្តាប់ និងក្តាប់បាននូវរាល់សភាពការណ៍ ហើយចេញមុខដោះស្រាយចំៗបញ្ហាបានយ៉ាងទាន់ពេលវេលាបំផុត ប្រកបដោយភាពវៃឆ្លាត និងបញ្ញាញាណបំផុតពុំអាចរកអ្វីប្រៀបផ្ទឹមបានឡើយ ជាមួយនឹងទឹកចិត្តដ៏មហាធំធេង និងជាពិសេស គុណធម៌ដ៏ជ្រាលជ្រៅ ដោយតែងតែលើកទឹកចិត្ត និងផ្តល់ឱកាសដល់អ្នកដែលមានសមត្ថភាពទាំងឡាយ ដើម្បីរួមគ្នាកសាងអភិវឌ្ឍជាតិ និងជ្រោងទង់សន្តិភាពឱ្យបន្តបក់រវេចៗ ក្នុងស្មារតីរួបរួមសាមគ្គីខ្មែរតែមួយគួរជាទីមោទនៈបំផុត។

ក្នុងនាមជាម្ចាស់ឧបត្ថម្ភធំផ្លូវការរបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី នឹងបន្តគាំទ្រ​យ៉ាងពេញទំហឹង និងខិតខំប្រឹងប្រែងរួមចំណែកជាមួយសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ក្រោមការដឹកនាំ​របស់​ឯកឧត្តមនាយឧត្តមសេនីយ៍ សៅ សុខា ដើម្បីជំរុញការអភិវឌ្ឍវីស័យកីឡាបាល់ទាត់កម្ពុជា​ឱ្យកាន់តែរីកចំរើន​ឈានឡើងបន្ថែមទៀតក្នុងឆាកអន្តរជាតិ។

គួរបញ្ជាក់ថា នាយឧត្តមសេនីយ៍ សៅ សុខា ក្នុងស្មារតីទទួលខុសត្រូវ​ដែលកំពុងកាន់តំណែងជា​ប្រធានសហពន្ធ័​កីឡាបាល់ទាត់កម្ពុជា ( FFC ) កាលពីថ្ងៃទី០៧ ឧសភា បានប្រកាសលាឈប់ពីតួនាទី​ជាប្រធានសហព័ន្ធ​ភ្លាមៗ បន្ទាប់ពីក្រុមបាល់ទាត់បុរសអាយុ ២២ឆ្នាំ របស់កម្ពុជា នាល្ងាចថ្ងៃដដែល មិនអាចដណ្ដើមជ័យជំនះ​លើក្រុមបាល់ទាត់មីយ៉ាន់ម៉ា ឈានទៅបន្តប្រកួតវគ្គបន្តបាន។ ទោះ​យ៉ាងណា នៅថ្ងៃទី៨ ខែឧសភា ម្សិលមិញនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ​​បាន​ចេញ​សារ​សំលេង​​​សំណូមពរ​ឱ្យ​នាយឧត្តមសេនីយ៍ សៅ សុខា បន្ត​ដឹកនាំ​កីឡាបាល់ទាត់​កម្ពុជា​ជា​បន្ត​ទៀត៕