សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានបង្ហាញបំណងថា កម្ពុជាមានបំណងទិញអគ្គិសនីពីប្រទេសឡាវ ចេញមកកាន់កម្ពុជាហើយបន្តលក់ទៅកាន់ប្រទេសសិង្ហបុរី។សម្តេចតេជោ មានប្រសាសន៍ដូច្នេះ នៅក្នុងជំនួបពិភាក្សាការងារទ្វេភាគីជាមួយនាយករដ្ឋមន្រ្តីវៀតណាម លោក ផាម មិញជិញ (Pham Minh Chinh)នាឱកាសចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤២ នៅក្រុងឡាប៊ូនបាចូ សាធារណរដ្ឋឥណ្ឌូណេស៊ី កាលរសៀលថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៣។
ក្នុងជំនួបនេះផងដែរ លោក ផាម មិញជិញ នាយករដ្ឋមន្រ្តីវៀតណាម បានថ្លែងកោតសរសើរចំពោះការបើកព្រឹត្តិការណ៍ស៊ីហ្គេម ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះប្រកបដោយភាពជោគជ័យនិងអស្ចារ្យ ខណៈសម្តេចតេជោ ហ៊ុន សែន វិញ ក៏បានថ្លែងនូវការអរគុណចំពោះការកោតសរសើរ ពីសំណាក់នាយករដ្ឋមន្ត្រីវៀតណាមផងដែរ។
យ៉ាងណាមិញ នាឱកាសនោះដែរ សម្តេចតេជោ ហ៊ុន សែន ក៏បានថ្លែងផងដែរថា កម្ពុជាមានបំណងទិញអគ្គិសនីពីប្រទេសឡាវ ចេញមកកាន់កម្ពុជាហើយបន្តលក់ទៅកាន់ប្រទេសសិង្ហបុរី ដោយថ្មីៗនេះដើម្បីទទួលបានកិច្ចការងារនេះ ជោគជ័យក្នុងការអូសខ្សែបញ្ជូនក្រោមបាតសមុទ្រនោះ ក៏ត្រូវការភូមិសាស្ត្រទឹកដីរបស់វៀតណាមខាងត្បូងតំបន់កាម៉ៅ បន្តឆ្ពោះទៅប្រទេសម៉ាឡេស៊ី និងបន្តទៅកាន់ប្រទេសសិង្ហបុរី។
ក្នុងន័យនេះសម្ដេចតេជោ ហ៊ុន សែន ក៏បានស្នើសុំនាយករដ្ឋមន្ត្រីវៀតណាម ឱ្យជួយសម្របសម្រួលកិច្ចការនេះ ទទួលបានជោគជ័យ ខណៈដែលកម្ពុជាក៏បានរៀបចំឯកសារនានា ពាក់ព័ន្ធទៅកាន់ស្ថាប័នរបស់វៀតណាមរួចរាល់ហើយដែរ។
សូមជម្រាប់ដែរថា តបតាមការស្នើសុំរបស់សម្តេចតេជោ ហ៊ុន សែន នាពេលនោះដែរ លោកនាយករដ្ឋមន្ត្រីវៀតណាម បានលើកឡើងថា លោកក៏បានទទួល នូវព័ត៌មាននេះហើយ ខណៈលោកថា នឹងបញ្ជូនទៅឱ្យ ក្រុមការងារជំនាញពិនិត្យទៅលើកិច្ចការនេះ។ ទន្ទឹមគ្នានេះ នៅក្នុងឱកាសនេះដែរ លោកនាយករដ្ឋមន្ត្រី វៀតណាម ក៏បានគោរពអញ្ជើញសម្ដេចតេជោ ហ៊ុន សែន អញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេសវៀតណាមនាពេលខាងមុខនេះថែមទៀត៕
អត្ថបទ៖ ពិសី