ឯកឧត្តម ហ៊ុន ម៉ាណែត ប្រធានសមាគមអាហារូបករណ៍សិស្ស-និស្សិតក្រីក្ររបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុន សែន បានលើកឡើងថា អន្តរជាតិបានស្គាល់ខ្មែរកាន់តែច្បាស់ ដោយសារខ្មែរមានធនធានមនុស្សប្រកបដោយសមត្ថភាព និងសាមគ្គីភាព។
ការលើកឡើងបែបនេះ របស់ឯកឧត្តម នៅក្នុងពិធីសំណេះសំណាលជាមួយបុគ្គលិក សាស្ត្រាចារ្យ និងនិស្សិតនៃសាកលវិទ្យាល័យ South-East Asia ក្រុងសៀមរាប កាលពីថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៣។
នៅក្នុងឱកាសនោះ ឯកឧត្តម ហ៊ុន ម៉ាណែត បានថ្លែងថា «ប្រជាពលរដ្ឋកម្ពុជាកំពុងមានមោទកភាពជាតិដែលខ្មែរមានវឌ្ឍនភាពរីកចម្រើនស្មើមុខស្មើមាត់ ហើយអន្តរជាតិក៏បានស្គាល់ខ្មែរកាន់តែច្បាស់ ទាំងនេះក៏ដោយសារខ្មែរមានធនធានមនុស្សប្រកបដោយសមត្ថភាព និងសាមគ្គីភាពរួបរួមគ្នាក្នុងធ្លុងនៃស្មារតីជាតិនិយមបែបវិជ្ជមាន»។
ឯកឧត្តម បន្តថា ស្ថានភាពបច្ចុប្បន្ន និងតទៅអនាគត យុវជន គឺនៅតែជាកម្លាំងស្នូលក្នុងការចូលរួមកសាងប្រទេស និងដោះស្រាយបញ្ហាប្រឈមនានា ក៏ដូចជាការចូលរួមបង្កើត និងបើកបង្ហាញនូវសមិទ្ធផលដែលជាមោទកភាពជាតិ ដើម្បីប្រាប់ពិភពលោកថា “ខ្មែរធ្វើបាន” ហើយកម្ពុជាកាលពីពេលមុន ដែលអន្តរជាតិតែងស្គាល់ថា ជាទឹកដីនៃជម្លោះបែកបាក់ គឺបានប្រែមុខមាត់ប្តូរមកជាកោះសន្តិភាព ដែលមានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ។
ជាមួយគ្នានោះ ឯកឧត្តម បានសង្កត់ធ្ងន់ថា ចំណេះដឹង គឺជាអំណាចដែលផ្តល់នូវសេរីភាព ជម្រើស ឥទ្ធិពលក្នុងការប្រកួតប្រជែង ភាពម្ចាស់ការឯករាជ្យ និងឱកាសគ្រប់បែបយ៉ាង។ ដូច្នេះ សូមបន្តរួមគ្នាជាខ្មែរតែមួយ ដើម្បីបង្កើតជាថាមពលវិជ្ជមាន តាមរយៈការខិតខំប្រឹងប្រែងក្នុងការលើកកម្ពស់ចំណេះដឹង សមត្ថភាព គុណធម៌ សីលធម៌ ឱ្យបានកាន់តែខ្ពង់ខ្ពស់ ស័ក្តិសមជាប្រជាជាតិដែលមានអរិយធម៌រុងរឿងត្រចះត្រចង់ ដូចក្នុងសម័យអង្គរនៃយើង។
ទន្ទឹមនឹងនោះ ឯកឧត្តម ក៏បានគូសបញ្ជាក់ផងដែរថា ដំណើរការអភិវឌ្ឍរបស់ប្រទេសជាតិទាំងមូល ក៏ដូចជាខេត្តសៀមរាបនេះផ្ទាល់ គឺអាស្រ័យដោយបរិស្ថានគ្របដណ្តប់អំណោយផល ០៣ យ៉ាង គឺ៖ ទី១. ជោគជ័យនៃនយោបាយឈ្នះ-ឈ្នះ ដែលនាំមកនូវសន្តិភាពពេញលេញ ទី២. កត្តាសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈល្អប្រសើរ និងទី៣. ការដាក់ចេញនូវគោលនយោបាយអភិវឌ្ឍប្រទេសប្រកបដោយចក្ខុវិស័យច្បាស់លាស់ ដូចជាគោលនយោបាយបើកចំហរជើងមេឃ និងការកំណត់ប៉ូលសេដ្ឋកិច្ចសំខាន់ៗ ជាដើម៕
អត្ថបទ៖ ស៊ីណាត