ក្រុមហ៊ុន Meta បង្ហោះវីដេអូ អបអរសាទរជាមួយកម្ពុជា សម្រាប់ព្រឹត្តិការណ៍កំពូលស៊ីហ្គេម

អន្តរជាតិ

នៅសល់តែ ៧ថ្ងៃទៀតប៉ុណ្ណោះ ព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេមលើកទី ៣២ នឹងត្រូវបញ្ចប់ ហើយ​ទន្ទឹមនឹងនោះ បណ្ដាញសង្គមខ្នាតយក្សក្រុមហ៊ុន Meta Platforms បានបង្ហោះ​វីដេអូ​ខ្លីមួយ ជាការ​អបអរសាទរ​ជាមួយកម្ពុជា ក្នុងការ​ធ្វើជាម្ចាស់ផ្ទះ​សម្រាប់ព្រឹត្តិការណ៍ដ៏អស្ចារ្យមួយនេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមការបង្ហោះដោយផ្ទាល់​លើ​ផេកផ្លូវការរបស់ Meta បានបង្ហោះវីដេអូដែលមាន​រយៈពេល ១៩ វិនាទី ជាមួយនឹងការសរសេរថា “អបអរសាទរកម្ពុជាធ្វើជាម្ចាស់ផ្ទះកីឡាស៊ីហ្គេមលើកទី ៣២ និងកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី ១២ នៅឆ្នាំ ២០២៣ នេះ! យើងខ្ញុំសូមជូនពរដល់អត្តពលិកទាំងអស់ជួបតែសំណាងល្អនិងជោគជ័យក្នុងកិច្ចខិតខំប្រឹងប្រែង។ សូម​មក​ជុំ​គ្នា​ដើម្បី​អបអរ​សាទរ​ស្មារតី​កីឡានិង​ការ​រួបរួម​គ្នា​ក្នុង​ពេល​ដ៏​រំភើប​នេះ”

អាចនិយាយបានថា ព្រឹត្តិការណ៍ SEA Game ដែលមានកម្ពុជាធ្វើជាម្ចាស់ផ្ទះសារនេះ បានធ្វើ​ឲ្យ​ពិភពលោក​ស្គាល់​កម្ពុជា​កាន់តែច្បាស់ ដោយទទួល​បាន​ការ​ចុះផ្សាយ​កោតសរសើរ​ពី​បណ្ដាញ​សង្គម​អន្តរជាតិ​ធំៗ​ជាច្រើន។

សូមជម្រាបជូនដែរថា កម្ពុជាទទួលបាន​ឱកាសធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍ស៊ីហ្គេមលើកទី ៣២ និងអាស៊ានប៉ារ៉ាហ្គេម​លើកទី ១២ ជាលើកដំបូង ហើយ​បើទោះជា​វា​ទើបជាការ​រៀបចំ​លើក​ដំបូង​ក៏​ពិតមែន ប៉ុន្តែ​គ្រប់អត្តពលិក​មកពី​គ្រប់ប្រទេស​សុទ្ធតែ​សរសើរពីការ​រៀបចំ​របស់កម្ពុជា ទាំងផ្នែក​បដិសណ្ឋារកិច្ច និង​រឿងហូបចុក​ដែល​កម្ពុជា​ជា​អ្នក​រ៉ាប់រង​ទាំងអស់ មិនគិត​ប្រាក់​មួយកាក់​មួយសេន​ពី​ពួកគេឡើយ៕