កូនប្រុសច្បងអ្នកឧកញ៉ា ទ្រី ភាព ឈរឈ្មោះបោះឆ្នោតជាបេក្ខជនបម្រុង នៅមណ្ឌលខេត្តកណ្ដាល

ជុំវិញ​ឧកញ៉ា

ឧកញ៉ា ទ្រី ដាលុច កូនប្រុសច្បង​របស់​អ្នកឧកញ៉ា ទ្រី ភាព អគ្គនាយកក្រុមហ៊ុន ទ្រី ភាព គ្រុប ​​ត្រូវ​បាន​គណបក្ស​ប្រជាជនកម្ពុជា ផ្តល់សេចក្តី​ទុកចិត្ត​តែងតាំង​​ឱ្យ​ឈរ​ឈ្មោះ​ជា​បេក្ខជន​បម្រុង​ លំដាប់លេខរៀងទី៩ នៅមណ្ឌល​ខេត្តកណ្ដាល សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រ នីតិកាលទី៧ ឆ្នាំ២០២៣ ខាងមុខនេះ។ នេះ​បើ​តាម​សេចក្តីសម្រេច​ផ្លូវការ​​​របស់ គ.ជ.ប កាលពី​ថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៣។ ​

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក​ឧកញ៉ា ទ្រី ដាលុច វ័យ​២៩ឆ្នាំ បច្ចុប្បន្ន​ជា​អគ្គនាយករងក្រុមហ៊ុន ទ្រី ភាព គ្រុប។ លោក​ ទទួលបាន​គោរមងារ​ជា ឧកញ៉ា ដោយព្រះរាជក្រឹត្យលេខ នស/រកត/០៣១៣/២៣៥ ចុះថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៣។ ឧកញ៉ា ទ្រី ដាលុច ដែល​ជា​​កូនប្រុសទី១ ស្ថិតក្នុងចំណោមបងប្អូន៥នាក់របស់អ្នកឧកញ៉ា ទ្រី ភាព ​ក៏​មាន​តួនាទី​ជាទីប្រឹក្សាផ្ទាល់សម្តេចពញាចក្រី ហេងសំរិន ប្រធាន​រដ្ឋសភា, អនុប្រធានយុវជនស្រុកកណ្តាលស្ទឹង និងជា​អនុប្រធានក្រុមការងារថ្នាក់ជាតិចុះជួយ ឃុំត្បែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ខណៈដែល​ឪពុក​របស់​លោក​គឺ អ្នកឧកញ៉ា​បណ្ឌិត ទ្រី ភាព ទីប្រឹក្សាផ្ទាល់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ​ជាអនុប្រធានទី២ ក្រុមការងារចុះមូលដ្ឋានស្រុកកណ្តាលស្ទឹង ខេត្តកណ្ដាល។

គួរបញ្ជាក់ថា ​​បេក្ខជន​ឈរឈ្មោះបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ របស់​គណបក្ស​ប្រជាជនកម្ពុជា សម្រាប់មណ្ឌល​ខេត្តកណ្តាល គឺ​មាន​បេក្ខជនពេញសិទ្ធិ ចំនួន ១១រូប និង​បេក្ខជន​បម្រុង​ចំនួន ១១រូប។ បេក្ខជនពេញសិទ្ធិ មាន​ដូចជា ១.សម្តេចតេជោ ហ៊ុន សែន ២.លោកជំទាវ ឃួន សុដារី ៣.លោក អូន ព័ន្ធមុនីរ័ត្ន ៤.លោក ប្រាក់ សុខុន ៥.លោក ម៉ៅ ភិរុណ ៦.លោក ស៊ុន ចាន់ថុល ៧.លោក លឹម គានហោ ៨.លោក សុខ ចិន្តាសោភា ៩.លោក វង្សី វិស្សុត ១០.លោក ទី សុគន្ធ និង ១១.លោក សុះ មុះសិន។

ចំណែក​ឯ​បេក្ខជន​បម្រុង​ទាំង​១១​រូប​ ​សម្រាប់​មណ្ឌល​ខេត្តកណ្តាល មាន​ដូចជា ១.លោក ឈុន ស៊ីរុន ២.លោក ជូ វិជិត្ត ៣.លោក ខឹម ច័ន្ទគីរី ៤.លោក ចាប ម៉ុច ៥.លោកស្រី រស់ ច័ន្ទផល្លី ៦.លោក ទេព សុធីរ ៧.លោក កឹម បូរី ៨.លោក ភឹម ម៉ាដូណា ៩.ឧកញ៉ា ទ្រី ដាលុច ១០.លោកស្រី ប៉ុង រ៉ានីន និង ១១.លោក សាយ សុផល៕