ទុរេនកំពតចាប់ផ្តើមហូរចូលទីផ្សារជាមួយនិងតម្លៃលក់រាយជិត៣ម៉ឺនរៀលក្នុងមួយគីឡូ

សង្គម​ និង​សេដ្ឋកិច្ច

ចូលមកដើមខែឧសភាឆ្នំា២០២៣នេះ ទុរេនកំពតចាប់ផ្តើមប្រមូលផលផ្គត់ផ្គង់ចូលទីផ្សារជាបណ្តើរខ្លះៗហើយ ជាមួយតម្លៃលក់រាយនៅលើទីផ្សារជិត៣ម៉ឺនរៀលក្នុងមួយគីឡូក្រាមដែលអាជីវករកំពង់ដាក់លក់នៅក្នុងតំបន់។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមឈ្មួញម៉ៅចំការទុរេន នៅក្នុងខេត្តកំពតម្នាក់បានឱ្យដឹងថា ទុនរេនកំពតមានលក់តិចតួចចាប់តំាងពីខែមករានិងកុម្ភៈ ប៉ុន្តែតម្លៃលក់លើកទីផ្សារនៅពេលថ្លៃជាង៣ម៉ឺនក្នុងមួយគីឡូក្រាម តែមកដើមខែឧសភាឬរដូវកាលប្រមូលផលទុរេនចាប់ផ្តើមប្រមូលផលផ្គត់ផ្គង់ចូលទីផ្សារបណ្តើរៗនេះតម្លៃទុរេនបេះភ្លាមលក់ភ្លាមនៅចំការថ្លៃ១៨០០០រៀល និងទុរេនអាចបកហូបភ្លាមបានថ្លៃ២៣០០០រៀលក្នុងមួយគីឡូក្រាម ។

អ្នកស្រី សេន ស៊ុបរីយ៉ា ឈ្មួញម៉ៅចំការទុរេននៅខេត្តកំពតបានឱ្យដឹងថា សព្វថ្ងៃការផ្គត់ផ្គង់ផ្លែទុរេនចូលទីផ្សារមាននៅក្នុងខេត្តកំពតនិងផ្សារតាកែវ ដោយក្នុងមួយថ្ងៃមានប្រហែលជា២តោន ព្រោះផ្លែទុរេនវាមិនទាន់សំបូរ តែនៅពេលខាងមុខការផ្គត់ផ្គង់និងតម្រូវការទុរេននឹងមានការកើនឡើងថែមទៀតនៅខែមិថុនាខាងមុខនេះ។

អ្នកស្រី បន្តថា «ស្របពេលផ្លែទុរេនចាប់ផ្តើមផ្គង់ផ្គង់ចូលទីផ្សារនៅដើមរដូវដូចរាល់ថ្ងៃនេះ យើងសង្កេតឃើញថាប្រជាពលរដ្ឋនិយមចូលចិត្តហូបទុរេនច្រើន ជាក់ស្តែងកាលពីខែមករា កុម្ភៈកន្លងទៅនេះទុរេនមួយគីឡូក្រាមថ្លៃជាង៣ម៉ឺនរៀលនៅតែមានអ្នកចង់ហូប»។

បើតាមអ្នកស្រី សេន ស៊ុបរីយ៉ា គិតមកដល់ពេលនេះអ្នកស្រីបានម៉ៅដើមទុរេននៅខាងខេត្តកំពតក្នុងវគ្គទីមួយនេះបានប្រហែល១ម៉ឺនដើម ហើយបើគិតជាប្រាក់អស់២០ម៉ឺនដុល្លារអាមេរិក ហើយតម្លៃនេះបើប្រៀបធៀបទៅនិងឆ្នំាមុន ការម៉ៅដើមទុរេននៅក្នុងវគ្គនេះមានតម្លៃ ហើយទន្ទឹមនិងនេះអ្នកស្រីក៏មានការព្រួយបារម្ភខ្លាចបាត់បង់នៅប្រាក់ចំណេញនៅពេលផ្លែទុរេនសំបូរច្រើននៅលើទីផ្សារ ដូចទៅនិងឆ្នំាមុន។

អ្នកស្រី អ៊ួន ក្រពុំ អាជីវករលក់ដូរនៅក្នុងផ្សារតាកែវបានឱ្យដឹងថា បន្ទាប់ពីចាប់ផ្តើមលក់ផ្លែទុរេនក្រោយថ្ងៃចូលឆ្នំាខ្មែរហើយមក ខ្ញុំសង្កេតឃើញថាអ្នកដែលចូលចិត្តហូបទុរេនកំពតមានច្រើន មានទំាងអ្នកមានជីវភាពសមរម្យនិងអ្នកមានជីវភាពធូរធាព្រោះទុរេតមានរសជាតិឆ្ងាញ់។

អ្នកស្រីបន្តថា សម្រាប់តម្លៃទុរេនកំពតនៅដើមរដូវនេះសម្រាប់លេខ១ទិញចូលថ្លៃ២៥០០០លក់ចេញវិញថ្លៃ២៨០០០រៀល និងលេខ២ទិញចូលថ្លៃ២០.០០០រៀលហើយលក់ចេញទៅវិញថ្លៃ២៥០០០រផលក្នុងមួយគីឡូក្រាម ហើយនៅក្នុងមួយថ្ងៃក្រៅពីលក់បន្ថែផ្សេងៗ អ្នកស្រីអាចលក់ទុរេនបាន២០ទៅ៣០គីឡូក្រាម តែសម្រាប់អ្នកផ្សេងដែលគេមានម៉ូយច្រើនអាចលក់បានរាប់រយគីឡូក្រាម៕ អត្ថបទ៖សារេត