រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក ឌិត ទីណា បានស្នើដល់ភាគីឆេក ក្នុងការនាំចេញផលិតផលកសិកម្មពីប្រទេសកម្ពុជា ទៅកាន់ទីផ្សារប្រទេសឆេក។ ការស្នើនេះ ធ្វើឡើងក្នុងជំនួបពិភាក្សាការងារជាមួយគណៈប្រតិភូក្រសួងការបរទេសនៃសាធារណរដ្ឋឆេក នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៣នេះ។
នៅក្នុងជំនួបនោះ លោក ឌិត ទីណា បានលើកឡើងថា ក្រសួងកំពុងត្រូវការដៃគូវិនិយោគបន្ថែមទៀតក្នុងការជំរុញការនាំចេញផលិតផលកសិកម្ម ដើម្បីចូលរួមឆ្លើយតបនឹងបញ្ហាសន្តិសុខនិងសុវត្ថិភាពស្បៀងសាកលលោក។ ជាគោលនយោបាយ ក្រសួងផ្តោតអាទិភាពលើផលិតផលកសិកម្មដែលមានតម្លៃបន្ថែមខ្ពស់ និងជំរុញការផលិតផលិតផលដែលមានគុណភាព និងតម្លៃបន្ថែមខ្ពស់ មានប្រសិទ្ធភាពសេដ្ឋកិច្ច និងគិតគូដល់និរន្តរភាពបរិស្ថាន។
ឆ្លៀតក្នុងឱកាសនោះ លោក ក៏បានស្នើដល់ភាគីឆេក ឱ្យធ្វើការពិនិត្យលទ្ធភាពវិនិយោគនៅកម្ពុជា ដើម្បីនាំចេញផលិតផលកសិកម្មខ្មែរ ដូចជាផលិតផលវារីវប្បកម្ម និងផលិតផលផ្សេងទៀតដែលមានសក្តានុពល ទៅកាន់ទីផ្សារប្រទេសឆេក។
ជាមួយគ្នានោះ លោក ក៏បានស្នើឱ្យមានការបញ្ជូនគ្រូបណ្តុះបណ្តាលមកកម្ពុជាផ្ទាល់ ឬតាមរយៈកម្មវិធីផ្លាស់ប្តូរបទពិសោធន៍ វគ្គបណ្តុះបណ្តាលខ្លី ដើម្បីផ្តល់និងពង្រឹងសមត្ថភាពនិងជំនាញពិតប្រាកដ ក្នុងការចូលរួមចំណែកក្នុងការអភិវឌ្ឍវិស័យកសិកម្មកម្ពុជា ផងដែរ។
បើតាមរដ្ឋមន្រ្តីក្រសួងកសិកម្ម បានឱ្យដឹងថា កិច្ចសហប្រតិបត្តិការទ្វេភាគីរវាងប្រទេសកម្ពុជា និងប្រទេសឆេក គឺផ្តោតសំខាន់លើកិច្ចសហប្រតិបត្តិការវិស័យជំនួញកសិកម្ម៕
អត្ថបទ៖ ស៊ីណាត