ទំហំពាណិជ្ជកម្មរវាងចិន និងរុស្ស៊ី ផ្ទុះខ្លាំងតាំងពីបើកទំព័រឆ្នាំថ្មី

អន្តរជាតិ

ទំហំពាណិជ្ជកម្មរវាងប្រទេសចិន និងរុស្ស៊ីមានការ​កើនឡើង​ខ្ពស់ តាំងពីបើកទំព័រឆ្នាំ ២០២៣ ពោល​តួលេខ​នៃ​ការនាំចេញ និងនាំចូល​នៃ​ប្រទេសទាំង ២ គឺកើនគួរឲ្យកត់សម្គាល់។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមរបាយការណ៍ពីរដ្ឋបាលទូទៅនៃគយចិន​បានបង្ហាញថា ការធ្វើពាណិជ្ជកម្ម​ទ្វេភាគី​រវាងប្រទេសទាំង ២ បាន​កើនច្រើនជាង ៤៣% ទទួល​បាន​ទឹកប្រាក់​ប្រមាណ ៧៣ពាន់លានដុល្លារចន្លោះខែមករា ដល់ខែមេសា បើធៀបនឹងឆ្នាំទៅ។

ការនាំចេញទំនិញពីចិន ទៅរុស្ស៊ីកើនឡើងប្រហែល ៦៧,២% ក្នុងទំហំទឹកប្រាក់ ៣៣,៦ពាន់លានដុល្លារ ខណៈការនាំចូលកើនឡើងប្រហែល ២៥% ប្រមាណ ៣៩,៤ពាន់លានដុល្លារ។

ទំហំពាណិជ្ជកម្ម​រវាងចិន និងរុស្ស៊ី​ បាន​ឈាន​ដល់​កំណត់ត្រា​ខ្ពស់បំផុតកាលពីឆ្នាំ ២០២២ កើនឡើងជិតមួយភាគបី ចំពេលមានទណ្ឌកម្មលោកខាងលិចមកលើទីក្រុងម៉ូស្គូ ហើយយោងតាមលទ្ធផលត្រីមាសទីមួយ ពាណិជ្ជកម្មទ្វេភាគីកំពុងស្ថិតនៅលើផ្លូវដែលនឹងលើសពី ២០០ពាន់លានដុល្លារនៅឆ្នាំនេះ៕