នាថ្ងៃទី ១១ ឧសភានេះ ប្រទេសជប៉ុនបានប្រកាសពីគម្រោងការមួយ ដោយចំណាយទឹកប្រាក់ប្រហែល ១ពាន់លានដុល្លារ អំពាវនាវឲ្យប្រទេសជិតខាងអ៊ុយក្រែន ទទួលប្រជាជនភៀសខ្លួនដោយសារសង្គ្រាម។
យោងតាមការចុះផ្សាយពី CNA បានបង្ហាញថា កញ្ចប់ទឹកប្រាក់មួយនេះគឺនឹងផ្គត់ផ្គង់ដោយធនាគាររដ្ឋ Japan Bank for International Cooperation ហៅកាត់ JBIC ដែលជាធម្មតាផ្តល់ជំនួយក្នុងទម្រង់នៃការផ្តល់ប្រាក់កម្ចី ការធានា និងការវិនិយោគលើភាគហ៊ុន។
មូលនិធិនេះក៏នឹងត្រូវប្រើដើម្បីសម្រួលដល់ការវិនិយោគរបស់ក្រុមហ៊ុនជប៉ុនក្នុងប្រទេសទាំងនោះផងដែរ។
ទន្ទឹមនឹងនោះ រដ្ឋមន្ត្រីហិរញ្ញវត្ថុជប៉ុន Shunichi Suzuki ក៏បានបង្ហើបដែរថា ក្រុម G7 នឹងអនុម័តជំនួយហិរញ្ញវត្ថុ និងបង្ហាញពីលទ្ធផលគាំទ្រពី IMF ទៅកាន់អ៊ុយក្រែន ស្របពេលកំពុងពង្រឹងទំនាក់ទំនងជាមួយនឹងប្រទេសកំពុងអភិវឌ្ឍន៍ថែមទៀតផង៕