លោកឧកញ៉ា ខេមរៈ សិរីមន្ត កំពូលតារាចម្រៀងផលិតកម្ម ហ្គាឡាក់ស៊ីណាវ៉ាត្រា កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ បានបញ្ចេញសារលើកទឹកចិត្តមួយ ដល់ក្រុមកីឡាករបាល់ទាត់ផ្នែកបុរស យុវជន U22 ជម្រើសជាតិកម្ពុជា ដែលទទួលបានលទ្ធផលមិនសមបំណង មិនអាចឡើងទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្របាន ក្នុងការប្រកួតព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ ក្នុងនាមជាម្ចាស់ផ្ទះ។
សារលើកទឹកចិត្តរបស់កំពូលតារាចម្រៀងចាស់វស្សារូបនេះ បានលើកឡើងបន្ទាប់ពីលោកឧកញ៉ា ឃើញកីឡាករ លឹម ពិសុទ្ធ ខ្សែបម្រើប្រយុទ្ធ U22 ជម្រើសជាតិកម្ពុជា បង្ហោះរូបភាពនិងសារលើបណ្តាញសង្គមថា “ខ្ញុំសមនឹងទទួលយកទាំងអស់” ក្រោយពេលក្រុមជម្រើសជាតិកម្ពុជា ចាញ់ជម្រើសជាតិឥណ្ឌូនេស៊ី ២-១ កាលពីយប់ថ្ងៃទី១០ ខែឧសភា ដែលជាការប្រកួតចុងក្រោយក្នុងពូល A។
ឧកញ៉ា ខេមរៈ សិរីមន្ត បានបង្ហោះរូបភាពកីឡាករ លឹម ពិសុទ្ធ ភ្ជាប់ជាមួយនឹងសារលើកទឹកចិត្ត នៅលើទំព័រហ្វេសប៊ុក កាលពីម្សិលមិញយ៉ាងដូច្នេះថា៖ “ចាញ់ឈ្នះជាកីឡា តែអ្វីដែលបងដឹងហើយប្រាកដក្នុងចិត្តទៀតនោះ គឺថាប្អូនៗពិតជាបានខំប្រឹងប្រែងខ្លាំងណាស់ ដើម្បីប្រទេសមួយនេះ អរគុណប្អូនៗ ស៊ូៗ បងនៅចាំគាំទ្រនិងលើកទឹកចិត្តប្អូនៗជានិច្ច”។
សូមជម្រាបជូនថា ក្រុមជម្រើសជាតិបាល់ទាត់បុរស U22 កម្ពុជា បានភ្លាត់ធ្វើឱ្យស្ទើរតែបាត់បង់ឱកាសឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រទាំងស្រុង តាំងពីចាញ់ក្រុមជម្រើសជាតិមីយ៉ាន់ម៉ា ២-០ នៅប្រកួតទី៣ បន្ទាប់ពីពួកគេធ្វើបានត្រឹមស្មើ ១-១ ទល់នឹងហ្វីលីពីន ក្រោយបំបាក់ទីម័រខាងកើត ៤-០ នៅការប្រកួតបើកឆាក។ ក្នុងការប្រកួតទី៣ ពេលប៉ះមីយ៉ាន់ម៉ា ដែលកម្ពុជាត្រូវការឈ្នះជាចាំបាច់នោះ លោកឧកញ៉ា ខេមរៈ សិរីមន្ត ក៏បាននាំភរិយា និងកូនៗទៅទស្សនាផ្ទាល់ នៅពហុកីឡដ្ឋានអូឡាំពិកផងដែរ៕