អស់រយៈពេលជាង ៤ខែ ដែលក្រុមហ៊ុនមហាសេដ្ឋីឥណ្ឌា Gautam Adani ទទួលរងឥទ្ធិពលពីការចោទប្រកាន់ពីក្រុមហ៊ុន Hindenburg Research ដែលអះអាងថា ម្ចាស់ក្រុមហ៊ុន Adani Group ជាប់ពាក់ព័ន្ធនឹងករណីពុករលួយ និងបណ្ដាលឲ្យវិនិយោគិនបាត់បង់ទំនុកចិត្ត ក៏ដូចជាក្រុមហ៊ុនបាត់បង់ចំណូលមួយភាគធំ។
យ៉ាងណា ថ្មីៗនេះក្រុមហ៊ុនបុត្រសម្ព័ន្ធ Adani Enterprises Ltd, Adani Green Energy Ltd និង Adani Transmission Ltd បានប្រជុំគ្នាបើកកិច្ចពិភាក្សាក្នុងការប្រមែប្រមូលលុយចន្លោះពី ៣ ទៅ ៥ពាន់លានដុល្លា ដើម្បីស្ដារស្ថានភាពក្រុមហ៊ុនឡើងវិញ។ នេះបើតាមការចុះផ្សាយពី Timesofindia។
ក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុនទាំង ៣ បានបើកកិច្ចប្រជុំមួយកាលពីថ្ងៃសៅរ៍ ដោយពិចារណាប្រមូលប្រាក់ តាមរយៈការលក់ភាគហ៊ុន ឬក៏សេវាកម្មសន្តិសុខណាមួយ ប៉ុន្តែមិនបញ្ជាក់ច្បាស់លាស់ពីទំហំនៃទឹកប្រាក់ដែលពួកគេចង់បាននោះឡើយ។
សូមជម្រាបដែរថា បើទោះជាក្រុមហ៊ុនយក្ស Adani Group ចេញមុខច្រានចោលការចោទប្រកាន់ពី Hindenburg Research បែបណា ក៏វានៅតែជះឥទ្ធិពលអាក្រក់ដល់ក្រុមហ៊ុនដដែល ពោលក្រុមហ៊ុនខាតបង់រហូតដល់ជាង ១០០ពាន់លានដុល្លារឯណោះ ពីការចោទប្រកាន់មួយនេះ៕