ទីតាំងដាំម្រេចចំនួន២៨កន្លែង និងរោងចក្រវេចខ្ចប់ចំនួន ៧កន្លែង នឹងអាចនឹងនាំចេញម្រេច ទៅកាន់ទីផ្សារប្រទេសចិន នាពេលខាងមុខនេះ ក្រោយទទួលបានការអនុញ្ញាត្តិពីប្រទេសចិនជាផ្លូវការ។ នេះបើតាមការប្រកាសឱ្យដឹងពីស្ថានទូតចិនប្រចាំកម្ពុជា កាលថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៣។
ស្ថានទូតចិនប្រចាំកម្ពុជា បានប្រកាសឱ្យដឹងថា ម្រេចរបស់កម្ពុជា ត្រូវបានអនុញ្ញាត ឱ្យនាំចេញដោយផ្ទាល់ទៅកាន់ប្រទេសចិន បន្ទាប់ពីបានបំពេញគ្រប់លក្ខខណ្ឌតម្រូវរួចរាល់។ ស្ថានទូតចិន បានបន្តថា រដ្ឋបាលគយនៃប្រទេសចិន បានបង្ហាញពីបញ្ជីឈ្មោះក្រុមហ៊ុន សហគ្រាសដែលបានចុះបញ្ជីនាំចេញគ្រឿងទេសកម្ពុជាទៅកាន់ប្រទេសចិន ដែលបញ្ជាក់ថាម្រេចកម្ពុជា បានបំពេញគ្រប់នីតិវិធីក្នុងការនាំចេញទៅកាន់ប្រទេសចិន អាចនាំចេញដោយផ្ទាល់ ទៅទីផ្សារចិន។
ស្ថានទូតចិនប្រចាំកម្ពុជា បានបញ្ជាក់ថា «ដោយក្នុងនោះ មានទីតាំងដាំម្រេចចំនួន២៨កន្លែង និងរោងចក្រវេចខ្ចប់ចំនួន ៧កន្លែង ត្រូវបានចុះបញ្ជី និងទទួលបានការអនុញ្ញាតពីភាគីចិន ក្នុងការនាំចេញ»។
បើតាមស្ថានទូតចិនអះអាងថា ដើម្បីពន្លឿនការអនុវត្តពិធីសារ ស្តីពីលក្ខខណ្ឌតម្រូវភូតគាមអនាម័យ សម្រាប់ការនាំចេញម្រេចពីកម្ពុជាទៅប្រទេសចិន ដែលបានចុះហត្ថលេខារួមគ្នារវាងភាគីទាំងពីរចិន និងកម្ពុជាកាលពីខែវិច្ឆិកាឆ្នាំ២០២២ រដ្ឋបាលគយ ស្ថានទូតចិនប្រចាំកម្ពុជា និងក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទកម្ពុជាកាលពីថ្ងៃទី១០-១១ ខែមេសា ឆ្នាំ២០២៣ថ្មីៗនេះ បានធ្វើការពិនិត្យទីតាំងដាំម្រេច និងរោងចក្រវេចខ្ចប់ម្រេច ដោយតាមរយៈVideo Conference។
យោងតាមរបាយការណ៍របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឱ្យដឹងថា ក្នុងរយៈពេល ៣ខែ ដើមឆ្នាំនេះការនាំចេញម្រេចសម្រេចបាន ៨២២,៦៥៤តោន ក្នុងនោះនាំចេញទៅវៀតណាមចំនួន៧៦៥តោន អាមេរិក២៦,១៤តោន កូរ៉េខាងត្បូង១៦,២តោន បារាំង៩,៥៤តោន បែលហ្ស៊ិក២,៣៦តោន ជប៉ុន១,៣៨តោន ឥណ្ឌា ០,៩៦តោន អាល្លឺម៉ង់០,៩០តោន សិង្ហបុរី០,១០តោន កោះតៃវ៉ាន់០,០៤តោន អូស្ត្រាលី០,០៣តោននិងប្រទេសម៉ាឡេស៊ី០,០០២តោន។
យ៉ាងណាមិញ បើតាមស្ថានទូតចិន បានបញ្ជាក់ដែរថា ដំណាំម្រេច គឺជាកសិផលដំបូងគេរបស់កម្ពុជា ដែលត្រូវបានអនុញ្ញាតឱ្យនាំចេញទៅប្រទេសចិន ក្នុងឆ្នាំ២០២៣នេះ ហើយក៏ជាដំណាំគ្រឿងទេសដំបូងគេ ដែលត្រូវបានអនុញ្ញាតឱ្យនាំចេញទៅកាន់ទីផ្សារចិនផងដែរ៕ អត្ថបទ៖ ពិសី