ថ្មីៗនេះ ធនាគារពិភពលោក (WB) បានធ្វើការអនុម័តផ្តល់ឥណទានចំនួន ៦០លានដុល្លារ ដើម្បីជួយប្រទេសកម្ពុជា ក្នុងការកែលម្អការគ្រប់គ្រងសំណល់រឹង នឹងប្លាស្ទិក ឱ្យបានល្អប្រសើរជាងមុន ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VNA ។
បើតាមសេចក្តីថ្លែងការណ៍មួយរបស់ WB កាលពីថ្ងៃទី ១១ ខែឧសភា បានបង្ហាញឱ្យដឹងថា គម្រោងនេះក៏នឹងត្រូវបានចូលរួមសហការពីមូលនិធិ PROBLUE Trust ផងដែរ ដោយនឹងផ្តល់ជូនហិរញ្ញប្បទានជំនួយឥតសំណងចំនួន ៣លានដុល្លារ ។
ជុំវិញផែនការនេះ WB បានកត់សម្គាល់ឃើញថា កំណើនសេដ្ឋកិច្ច នគររូបនីយកម្ម និងទេសចរណ៍ បាននាំឱ្យមានការកើនឡើងយ៉ាងខ្លាំងចំពោះការប្រើប្រាស់សំណល់រឹង និងប្លាស្ទិក នៅក្នុងប្រទេកម្ពុជា ក្នុងរយ:ពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ។
ទន្ទឹមនឹងនេះ គម្រោងដ៏មានសារសំខាន់នេះ ក៏នឹងជួយគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលកម្ពុជា ក្នុងការពង្រឹងសមត្ថភាពស្ថាប័ន សម្រាប់ការគ្រប់គ្រងកាកសំណល់រឹង និងប្លាស្ទិក រួមទាំងលើកកម្ពស់ដល់ការអនុវត្តរបស់វិស័យឯកជន ដែលបានចូលរួមក្នុងសេវាកម្មគ្រប់គ្រងសំណល់ ដើម្បីគាំទ្រដល់ការកែលម្អប្រតិបត្តិការកែច្នៃសំណល់រឹង ស្របតាមលក្ខណៈបរិស្ថាន ហិរញ្ញវត្ថុ និង សង្គមប្រកបដោយនិរន្តរភាព។
ជាមួយគ្នានេះ លោកស្រី Maryam Salim នាយក WB ប្រចាំប្រទេសកម្ពុជា បានមានប្រសាសន៍ថា ការធ្វើឱ្យប្រសើរឡើងក្នុងការគ្រប់គ្រងសំណល់រឹង និងប្លាស្ទិក គឺមានសារៈសំខាន់សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមរបស់ប្រទេស រួមទាំងវិស័យទេសចរណ៍ផងដែរ។
ជម្រាបជូនផងដែរថា គម្រោងនេះក៏នឹងគាំទ្រដល់លទ្ធភាពកាន់តែច្រើន សម្រាប់ពលរដ្ឋដែលធ្វើការជាអ្នកប្រមូលសំរាម ក៏ដូចជាបង្កើនទីតាំងចាក់សំរាម ការកែច្នៃឡើងវិញ និងសមត្ថភាពផលិតជីកំប៉ុស ដើម្បីផ្តល់ផលវិជ្ជមានទៅលើសុខភាពសាធារណៈ បរិស្ថាន និងទេសចរណ៍៕