ក្រុមហ៊ុន២ចាប់ដៃគ្នាអភិវឌ្ឍន៍កំពង់ផែពហុបំណង លើផ្ទៃដីប្រតិបត្តិការទំហំ៦០០ហិចតា

សង្គម​ និង​សេដ្ឋកិច្ច

ក្រុមហ៊ុន កំពតឡូជីស្ទីកអេនផត ឯ.ក និងក្រុមហ៊ុន ឆាយណាហាប៊ើរអេនជីនារីង ខមភេនី អិលធីឌី ថ្មីៗនេះសម្រេចចុះហត្ថលេខារួមគ្នាលើកិច្ចសន្យាសាងសង់កំពង់ផែពហុបំណងកំពត លើផ្ទៃដីប្រតិបត្តិការទំហំ៦០០ហិចតា ស្ថិតនៅក្នុងក្រុងបូកគោ ខេត្តកំពត។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា កំពង់ផែពហុបំណងដែលបានចុះហត្ថលេខាសាងសង់នាឱកាសនេះ ត្រូវបានសាងសង់ឡើងចាប់តាំងពីដើមឆ្នាំ២០២២ ហើយកំពុងពង្រីកជាបន្តបន្ទាប់ផងដែរ។ កំពង់ផែនេះជាកំពង់ផែសមុទ្រទឹកជ្រៅតែមួយគត់របស់ក្រុមហ៊ុន កំពតឡូជីស្ទីកអេនផត ឯ.ក ដែលបច្ចុប្បន្ន កំពង់ផែនេះមានលទ្ធភាពឱ្យនាវាផ្ទុកទំនិញទម្ងន់ចាប់ពី ៦០ ០០០តោន ដល់ ១០០ ០០០តោន អាចចូលសំចតបាន។

បន្ថែមពីនេះ ក្រុមហ៊ុនបានខិតខំក្នុងការពង្រីកកំពង់ផែនេះជាបន្តបន្ទាប់ និងបានត្រៀមចំណតនាវាមួយចំនួនដែលនឹងបំពាក់ទៅដោយឧបករណ៍លើកដាក់ទំនើបៗ និងទាន់សម័យ ដើម្បីបង្កើនប្រតិបត្តិការអាជីវកម្ម ការនាំទំនិញចេញចូល ឬនាំទំនិញឆ្លងកាត់ទៅប្រទេសទីបី ដែលអាចឱ្យធ្វើចំណេញទាំងពេលវេលា និងថវិកាដល់ពាណិជ្ជករ និងអ្នកវិនិយោគទុន។

ជាមួយគ្នានេះផងដែរ ក្រុមហ៊ុនក៏កំពុងខិតខំប្រឹងប្រែងក្នុងការលើកកម្ពស់គុណភាពសេវាកម្មតាមរយៈការបំពាក់ដោយគ្រឿងម៉ាស៊ីនទំនើបៗ និងបច្ចេកវិទ្យាថ្មីៗដើម្បីបង្កើនសមត្ថភាពការងារ និងបន្តពង្រឹងសមត្ថភាពដល់កម្មករ និងបុគ្គលិកជំនាញ ក៏ដូចជាការប្រើប្រាស់ប្រព័ន្ធស្វ័យប្រវត្តិកម្ម ដើម្បីពន្លឿនប្រតិបត្តិការការងារ និងកាត់បន្ថយការប្រើប្រាស់ពេលវេលាសម្រាប់អតិថិជនផងដែរ៕