មកស្គាល់បេក្ខភាពជួរមុខនាយករដ្ឋមន្ត្រីថៃ ទទួលបានសម្លេងគាំទ្រច្រើនបំផុត

អន្តរជាតិ

កាលពីថ្ងៃទី ១៤ ឧសភាកន្លងទៅ ការបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រីថៃបានបញ្ចប់ ខណៈ​ការរាប់សន្លឹកឆ្នោត ៩៩% បានបង្ហាញថា គណបក្សឆ្ពោះទៅមុខ Move Forward Party ទទួលបានសម្លេងគាំទ្រច្រើនបំផុត ប្រមាណ ១៥១ អាសនៈ ដែលក្នុងនោះ ១១២ អាសនៈ​បានពីការ​គាំទ្រ​ក្នុងមណ្ឌល និង ៣៩ អាសនៈ​បានពីក្នុងបក្ស។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ដោយឡែក មេបក្សប្រឆាំង​គឺ​មានឈ្មោះថា ភីថា លីមចារើនរ៉ាត់ ដែល​ជា​អ្នកនយោបាយផង និងជា​ពាណិជ្ជករ​វ័យក្មេងមួយ​រូបផង ហើយបច្ចុប្បន្ន​លោក​មានវ័យ ៤៣ឆ្នាំ។

មុនប្រឡូកលើ​ឆាកនយោបាយ លោក ភីថា ធ្លាប់​បញ្ចប់ការ​សិក្សា​ពី​ប្រទេស​នូវែលហ្សេឡង់ ប៉ុន្តែ​បាន​វិល​ចូលស្រុក​កំណើត ដោយ​បញ្ចប់ការ​សិក្សា​ថ្នាក់បរិញ្ញាបត្រ​ផ្នែក​ហិរញ្ញវត្ថុពី​សាកលវិទ្យាល័យ Thammasat University ក្នុងឆ្នាំ ២០០២។

បុរសដែល​កំពុង​ក្លាយជា​ប្រធានបទ​ដ៏​ក្ដៅគគុក​ម្នាក់​នេះ ក៏ធ្លាប់​ទទួល​បាន​អាហារូបករណ៍​ទៅសិក្សា​នៅ​សាកលវិទ្យាល័យ University of Texas និង​ក្រោយ​មក​ក្លាយជា​ជនជាតិ​ថៃ​តំបូង​គេ ដែល​ទទួលបាន​អាហារូបករណ៍​ទៅសិក្សានៅ​សាកលវិទ្យាល័យ​កំពូល Havard University ផងដែរ។

ក្នុងវ័យ ២៥ឆ្នាំ អំឡុងពេលបន្តថ្នាក់អនុបណ្ឌិតនៅអាមេរិក លោក ភីថា ត្រូវបង្ខំចិត្ត​ត្រឡប់​មក​ស្រុកថៃ​វិញ ដើម្បី​គ្រប់គ្រង​អាជីវកម្ម​បន្តពី​ឪពុក​ដែលបានចែកឋាន ហើយក្រោយ​ឡើង​កាន់​តំណែង​ជា​នាយកគ្រប់គ្រង​ក្រុមហ៊ុន Agrifood បាន ២ឆ្នាំ ក្រុមហ៊ុន​ក៏ចាប់ផ្ដើម​ឈរជើងរឹងមាំវិញ ហើយ​បុរសម្នាក់នេះ​ក៏​វិល​ទៅបញ្ចប់ការសិក្សានៅអាមេរិក​ក្នុងឆ្នាំ ២០១១។

ចន្លោះឆ្នាំ ២០១៧ និង ២០១៨ លោកក៏ធ្លាប់កាន់តំណែងជានាយកប្រតិបត្តិ​ក្រុមហ៊ុន Grab Thailand និងជួយឲ្យក្រុមហ៊ុន​រីកចម្រើន​ដូចដែលបានឃើញ​នាពេលសព្វថ្ងៃនេះ។

អាច​និយាយ​បាន​ថា មានឈាមជ័រជាអ្នក​នយោបាយ​ដោយ​ឪពុក​ធ្លាប់​បម្រើការ​ជា​ទីប្រឹក្សា​រដ្ឋមន្ត្រី​កសិកម្ម និងមាន​ពូ​ Padung Limjaroenrat ជា​លេខាធិការ​រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដែលជា​មនុស្សជំនិត​អតីតនាយករដ្ឋមន្ត្រីថៃ ថាក់ស៊ីន ស៊ីណាវ៉ាត់ត្រា លោក ភីថា ក៏ចាប់ប្រឡូក​ចូល​ឆាក​នយោបាយ​ក្នុងឆ្នាំ ២០១៩។

ហក់ចូលឆាកនយោបាយតំបូងជាមួយនឹងគណបក្ស Future Foward Party ហើយក្រោមការ​ជ្រោមជ្រែងពី​មេបក្ស Thanathorn Juangroongruangkit លោកក៏​សម្រេច​ឈរឈ្មោះ​ជាបេក្ខភាព​នាយករដ្ឋមន្ត្រី​ សម្រាប់ការបោះឆ្នោត​ក្នុងឆ្នាំ ២០១៩ និងទទួលបានមួយអាសនៈក្នុងសភាតំណាងរាស្រ្ត ជាអ្នកតំណាងក្នុងបញ្ជីគណបក្សទីបួនសម្រាប់គណបក្សរបស់គាត់។

ក្រោយមក បន្ទាប់ពីមានការរំសាយបក្ស Future Foward Party លោកក៏បាន​បង្កើតគណបក្សមួយ ក្រោមឈ្មោះថ្មីថា Move Forward Party ដោយមានការ​ចូលរួមពីសមាជិកសភា ៥៤ នាក់ផ្សេងទៀតនៃគណបក្សដែលត្រូវបានរំលាយ ហើយត្រូវបានបោះឆ្នោតជ្រើសរើសជាផ្លូវការនៅថ្ងៃទី ១៤ ខែមីនា ឆ្នាំ ២០២០។

សម្រាប់ជីវិតឯកជនវិញ​មិនសូវ​មានព័ត៌មានទាក់ទង​នឹង​រូបលោកឡើយ ពោលគ្រាន់តែដឹងថា លោកធ្លាប់រៀបការជាមួយ​តារាសម្ដែងស្រី Chutima Teepanart កាលពីឆ្នាំ ២០១២ ដោយមាន​ចំណងដៃកូនស្រីមួយឈ្មោះ Pipim ប៉ុន្តែ​ពួកគេ​បានលែងលះគ្នាកាលពីឆ្នាំ ២០១៩៕