អ្នកឧកញ៉ា គិត ម៉េង៖ កំណើន GDP ដល់ ១៧៨៤ដុល្លារក្នុងម្នាក់ៗ ធ្វើឱ្យពលរដ្ឋកម្ពុជារស់ដោយសុខសប្បាយ

ជុំវិញ​ឧកញ៉ា

អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា ​​​​យល់ឃើញ​ថា ក្រោយ​ចប់​សម័យប៉ុលពត ​​នៅ​ឆ្នាំ១៩៨០ ​​ប្រទេសកម្ពុជា មាន​​​ផលិតផល​ក្នុង​ស្រុកសរុប (GDP) ក្នុង​កម្រិត​មួយ​ទាប​ខ្លាំង​ ខណៈ​ដែល​ប្រជាជន​ រស់​នៅ​ស្ថិតក្នុងស្ថានភាព​លំបាក​មែនទែន ប៉ុន្តែ​បច្ចុប្បន្ន​នេះ​ GDP កម្ពុជា​ បាន​កើន​ដល់ ១៧៨៤​ដុល្លារ​ក្នុង​មនុស្ស​ម្នាក់ៗ ដែល​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​ មាន​លទ្ធភាព​រស់នៅ​ដោយ​ថ្លៃថ្នូរ និង​សុខសប្បាយ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ថ្លែង​នៅក្នុងពិធីពិសាអាហារសាមគ្គី ជាមួយសមាជិក សមាជិកា សភាពាណិជ្ជកម្មកម្ពុជា អាណ្តិតទី៥ ទូទាំង​ប្រទេស កាលថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៣ ស្ថិតនៅមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ អគារ ABCD ក្រោម​អធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បេក្ខភាពអនាគតនាយករដ្ឋមន្រ្តីបន្តវេន អ្នកឧកញ៉ា គិត ម៉េង ​​បាន​លើក​ឡើង​ថា នៅ​ឆ្នាំ១៩៨០ បើយើងនិយាយពី​ផលិតផល​ក្នុង​ស្រុកសរុប (GDP) គឺ ៧១៦លានដុល្លារ ហើយ GDP ម្នាក់ៗប្រមាណ​ខ្ទង់ ៣០០ដុល្លារ ប៉ុន្តែ​មក​ដល់​ពេល​នេះ គិត​ត្រឹម​ឆ្នាំ២០២២ គឺ​ GDP ​​​យើង​កើន​ដល់ ១៧៨៤​ដុល្លារ​ ក្នុង​មនុស្ស​ម្នាក់ៗ ហើយ​បើ​និយាយ​ជា​រួម​​សម្រាប់​សេដ្ឋកិច្ចកម្ពុជា គឺ​២៧ប៊ីលានដុល្លារ ដូច្នេះ​ធ្វើ​ឱ្យ​ប្រជាជន​កម្ពុជា​ មាន​លទ្ធភាព​រស់​ដោយ​ថ្លៃថ្នូរ និង​សុខ​សប្បាយ ​ក្រោម​ការ​ដឹកនាំ​ដ៏​ត្រឹម​ត្រូវ​របស់​រាជរដ្ឋាភិបាលកម្ពុជា ដែល​មាន​សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​ជា​បិតាសន្តិភាព។

ពិធី «ពិសាអាហារសាមគ្គី ជាមួយសមាជិក សមាជិកា សភាពាណិជ្ជកម្មកម្ពុជា អាណ្តិតទី៥ ទូទាំងប្រទេស» កាលពី​ល្ងាច​ម្សិលមិញ​នេះ ក្រោម​គំនិត​ផ្តួចផ្តើម​ផ្ទាល់​​ពី​អ្នកឧកញ៉ា​ គិត ម៉េង​ ប្រធានសភាពាណិជ្ជកម្មកម្ពុជា​ ក្នុង​គោលបំណង​ដើម្បីបង្ហាញពីសាមគ្គីភាពរវាងសមាជិក សមាជិកានៃ សភាពាណិជ្ជកម្មកម្ពុជាទូទាំងប្រទេស​​ ជាមួយ​សមាគមធុរកិច្ចជាតិនិងអន្តរជាតិ បង្កើនចំណងមេត្រីភាពកាន់តែល្អ​ប្រសើរ​ឡើង​រវាងដៃគូរដ្ឋាភិបាលនិង​ឯកជន។ ជាពិសេសក្នុងឱកាសនេះ ដើម្បីទទួលបាននូវអនុសាសន៍និងការចែករំលែកនូវព័ត៌មាន​ស្តីពីធុរកិច្ច​និងវិនិយោគផ្សេងៗ ដែលឆ្លុះបញ្ជាក់ពីការរួមគ្នារវាងវិស័យរដ្ឋាភិបាល-វិស័យឯកជន​ក្នុងកិច្ចសហការរួមគ្នា ដើម្បីសម្របសម្រួលសកម្មភាពធុរកិច្ចនិងវិនិយោគ និងការអភិវឌ្ឍសម្រាប់កំណើនសេដ្ឋកិច្ចនៅកម្ពុជា ជាមួយ​គ្នានេះដែរ បង្ហាញពីសកម្មភាពសម្រេចបាននាពេលកន្លងមក និងទិសដៅរបស់សភាពាណិជ្ជកម្មកម្ពុជា។

​​សូម​ជម្រាប​ថា យោងតាមការព្យាករណ៍​របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ​សេដ្ឋកិច្ចកម្ពុជា​នៅ​ឆ្នាំ២០២៣​នេះ ​ត្រូវ​បាន​ព្យាករ​ថា​នឹង​ងើប​ឡើងវិញ ​​ហើយ​រំពឹង​ថា​នឹង​សម្រេច​បាន​កំណើន​ក្នុង​រង្វង់ ៦,៦% ដែល​​​ធ្វើ​ឱ្យ​ GDP (ផសស) ​សម្រាប់​មនុស្ស​ម្នាក់​ៗ ​​នឹង​អាច​កើន​ដល់ ១៩២៤​ដុល្លារ​អាមេរិក​បន្ថែម​ទៀត​ផងដែរ៕