មហាសេដ្ឋីអាមេរិកាំង Elon Musk នឹងចូលជួបជាមួយប្រធានាធិបតីបារាំង Emmanuel Macron និងថ្នាក់ដឹកនាំនយោបាយជាច្រើនរូបទៀត សម្រាប់កិច្ចប្រជុំធុរកិច្ចនៅជិតទីក្រុងប៉ារីស។ នេះបើតាមការចុះផ្សាយពី Kelo។
ប្រភពដដែលបន្ថែមថា មេធំ Tesla នឹងជួបជាមួយលោក Macron នៅឯវិមាន Elysee មុនចូលរួមទទួលទានអាហារថ្ងៃត្រង់ជាមួយរដ្ឋមន្ត្រីហិរញ្ញវត្ថុ Bruno Le Maire ខណៈលោក Elon Musk ក៏នឹងទៅទស្សនាកម្មវិធី Choose France លើកទី ០៦ នៅទីក្រុង Versailles ដែលធ្វើឡើងក្នុងការអូសទាញវិនិយោគិនបរទេស មកបណ្ដាក់ទុនបន្ថែមនៅបារាំងផងដែរ។
ដោយឡែក រដ្ឋមន្ត្រីហិរញ្ញវត្ថុ Le Maire បានប្រាប់ទៅកាន់សារព័ត៌មាន BFM TV ថា កិច្ចពិភាក្សារវាងរដ្ឋាភិបាល និងមហាសេដ្ឋីអាមេរិក នឹងផ្ដោតលើចំណុចសំខាន់ៗជាច្រើន រាប់បញ្ចូលទាំងរថយន្តអគ្គិសនីផងដែរ។
សូមជម្រាបដែរថា មួយរយៈចុងក្រោយនេះ បារាំងហាក់កំពុងអូសទាញក្រុមហ៊ុនវិនិយោគលើរថយន្តអគ្គិសនីជាច្រើន ពោលកាលពីសប្ដាហ៍កន្លងទៅ ពួកគេបានដេញថ្លៃឈ្នះអាល្លឺម៉ង់ និងហូឡង់ ក្នុងការអូសទាញក្រុមហ៊ុន ProLogium សម្រាប់ការសាងសង់រោងចក្រផលិតអាគុយរថយន្តក្រៅប្រទេសតំបូងថែមទៀត៕