វៀតណាម ប្រារព្ធពិធីប្រគល់ និងបើកដំណើរការព្រលានយន្តហោះថ្មីមួយ ជូនដល់ឡាវ

អន្តរជាតិ

ក្នុងអំឡុងពិធីមួយ ដែលត្រូវបានធ្វើឡើងនៅក្នុងស្រុក Samneua ខេត្ត Houaphanh របស់ប្រទេសឡាវ កាលពីថ្ងៃទី ១៥ ខែឧសភាកន្លងទៅ ព្រលានយន្តហោះថ្មីមួយឈ្មោះ Nong Khang ត្រូវបានប្រគល់ជូន និងដាក់ឱ្យដំណើរការជាផ្លូវការ ដោយវៀតណាម ខណ:ព្រលានថ្មីនេះ នឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចនៅភាគឦសាននៃប្រទេសឡាវ និងសម្រាប់ខេត្ត Houaphanh ជាពិសេសតែម្តង។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ព្រលានយន្តហោះ Nong Khang នេះ គឺជាផ្នែកមួយនៃគម្រោង Buil-Transfer (BT) ជាមួយនឹងទុនវិនិយោគសរុប ៨២លានដុល្លារ ដែលជាការផ្តល់ហិរញ្ញប្បទានតាមរយ:កម្ចីពីក្រុមហ៊ុនកសិកម្ម Hoang Anh Gia Lai JSC របស់ប្រទេសវៀតណាមផ្ទាល់។

គួរឱ្យដឹងថាអាកាសយានដ្ឋាននេះ ត្រូវបានសាងសង់ឡើងតាមស្តង់ដារ 3C របស់អង្គការអាកាសចរណ៍ស៊ីវិលអន្តរជាតិ (ICAO) ដែលអាចទទួលអ្នកដំណើរបានរហូតដល់ ១០០ ០០០ នាក់ ក្នុងមួយឆ្នាំ និងអាចផ្ទុកយន្តហោះប្រភេទកៅអី ៧០-១០០ បានផងដែរ ។

ដោយថ្លែងមតិក្នុងពិធីនេះ លេខាគណៈកម្មាធិការបក្ស និងជាអភិបាលខេត្ត Houaphanh លោក Vanxay Phengsoumma បានមានប្រសាសន៍ថា ការដាក់សម្ពោធព្រលានយន្តហោះ Nong Khang មិនត្រឹមតែជាព្រឹត្តិការណ៍សំខាន់ក្នុងកិច្ចសហប្រតិបត្តិការរវាងឡាវ-វៀតណាមប៉ុណ្ណោះទេ ប៉ុន្តែវាថែមទាំងអាចបំពេញការរំពឹងទុក ដែលបានទន្ទឹងរង់ចាំជាយូរមកហើយរបស់ប្រជាននៅក្នុងតំបន់ ក៏ដូចជាអាចផ្តល់ឱកាសសម្រាប់ខេត្តនេះ ឱ្យទទួលបានការរីកចម្រើនលើគ្រប់វិស័យ ផងដែរ។

ជម្រាបជូនផងដែរថា ដោយស្ថិតនៅក្នុងច្រកផ្លូវសេដ្ឋកិច្ច-ពាណិជ្ជកម្មដ៏សំខាន់រវាងប្រទេសឡាវ និងវៀតណាម អាកាសយានដ្ឋានថ្មីនេះ ក៏នឹងអាចរួមចំណែកយ៉ាងសំខាន់ ក្នុងការអភិវឌ្ឍសកម្មភាពនាំចេញ-នាំចូលឆ្លងដែន រវាងប្រទេសទាំងពីរបានថែមទៀតផង៕