បើតាមទិន្នន័យផ្លូវការមួយ បានបង្ហាញកាលដើមសប្តាហ៍នេះថា តម្លៃផ្ទះនៅប្រទេសកូរ៉េខាងត្បូង បានបន្តធ្លាក់ចុះ ក្នុងរយ:ពេល ១១ ខែជាប់ៗគ្នា គិតត្រឹមខែមេសា ខណ:នេះជាការធ្លាក់ចុះរយ:ពេលវែងបំផុតមិនធ្លាប់មាន ក្នុងរយ:ពេល ១១ ឆ្នាំចុងក្រោយ។
យោងតាមការចុះផ្សាយពីសារព័ត៌មាន CNA ដោយទទួលបានទិន្នន័យពីក្រុមប្រឹក្សាភិបាលអចលនទ្រព្យកូរ៉េខាងត្បូង បានបង្ហាញថា សន្ទស្សន៍នៃតម្លៃផ្ទះ នៅទូទាំងប្រទេស បានធ្លាក់ចុះ ០,៤៧% នៅក្នុងខែមេសា បើធៀបទៅនឹងខែមុន ។
ប្រភពដដែលនេះ បានឱ្យដឹងទៀតថា ការធ្លាក់ចុះនៅក្នុងខែមេសានេះ ហាក់មានការថមថយចុះមកវិញ បើប្រៀបធៀបទៅនឹងការធ្លាក់ចុះដល់ ០,៧៨% នៅក្នុងមីនា ដែលជាសញ្ញាបានបង្ហាញថា ការដំឡើងការប្រាក់ដ៏ខ្លាំងក្លា និងការធ្លាក់ចុះនៃសេដ្ឋកិច្ច កំពុងតែផ្តល់ផលប៉ះពាល់ដល់វិស័យអចលនទ្រព្យ នៅក្នុងប្រទេសនេះ ។
មិនតែប៉ុណ្ណោះ ទិន្នន័យពី ក្រុមប្រឹក្សាភិបាលអចលនទ្រព្យកូរ៉េខាងត្បូង បានបង្ហាញទៀតថា សន្ទស្សន៍តម្លៃផ្ទះសរុប បានធ្លាក់ចុះដល់ ៨,៥៣% ក្នុងអំឡុងរយ:ពេល ១១ ខែចុងក្រោយ ដែលជាការធ្លាក់ចុះដ៏អាក្រក់បំផុតមិនធ្លាប់មាន ចាប់តាំងពីឆ្នាំ ២០០៣ នៅពេលដែលក្រុមប្រឹក្សាភិបាល បានចាប់ផ្តើមបញ្ចេញទិន្នន័យជាលើកដំបូង ។
ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ដោយបានឆ្លើយតបទៅនឹងភាពទន់ខ្សោយនៅក្នុងទីផ្សារអចលនទ្រព្យក្នុងប្រទេស រដ្ឋាភិបាលកូរ៉េខាងត្បូង បានចាប់ផ្តើមធ្វើការបន្ធូរបន្ថយបទប្បញ្ញត្តិហិរញ្ញវត្ថុ សម្រាប់អ្នកទិញផ្ទះ ៕