កំណើនសេដ្ឋកិច្ចនៅប្រទេសថៃ មានការកើនឡើងខ្ពស់លើសការរំពឹងទុក ពោលនៅត្រីមាសទីមួយ កំណើនសេដ្ឋកិច្ចមានរហូតដល់ ២,៧% ខណៈកន្លងមកមានការព្យាករណ៍ត្រឹម ២,៤% ប៉ុណ្ណោះ។ នេះបើតាមការចុះផ្សាយពី Reuters។
ការកើនឡើងដ៏ល្អមួយនេះ គួរអរគុណទៅដល់វិស័យទេសចរណ៍ដែលកំពុងមានស្ថិរភាពឡើងវិញ ជាមួយនឹងតម្រូវការកើនឡើងគួរឲ្យកត់សម្គាល់ ប៉ះប៉ូវដល់ការនាំចេញដែលធ្លាក់ចុះកន្លងទៅ។
ប្រទេសមានទំហំសេដ្ឋកិច្ចធំបំផុតទី ២ នៅអាស៊ាន កំពុងស្ដារសេដ្ឋកិច្ចរបស់ពួកគេឡើងវិញ ក្រោយរងឥទ្ធិពលពីជំងឺរាតត្បាត ស្របពេលក្រុមប្រឹក្សាអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមជាតិរំពឹងថាសេដ្ឋកិច្ចនឹងកើនឡើងចន្លោះពី ២,៧ ទៅ ៣,៧% នៅឆ្នាំនេះ។
សូមជម្រាបដែរថា ការងារដំបូងដែលរដ្ឋាភិបាលថ្មីរំពឹងចូលកាន់អំណាចនាពេលខាងមុខ ត្រូវតែផ្តល់អាទិភាពដល់ការជំរុញការនាំចេញ និងការស្វែងរកទីផ្សារសក្តានុពលថ្មី ដោយបង្កើនល្បឿនការចរចាពាណិជ្ជកម្មសេរី ដើម្បីបង្កើនទំហំសេដ្ឋកិច្ចឡើងវិញ៕