កំណើនសេដ្ឋកិច្ចពិភពលោកអាចនឹងមានការកើនឡើងប្រមាណ ២,៣% នៅឆ្នាំ ២០២៣ និងសម្រាប់ឆ្នាំ ២០២៤ វាអាចកើនឡើងដល់ ២,៥%។ នេះបើតាមរបាយការណ៍ពីអង្គការសហប្រជាជាតិ។
ដោយឡែក របាយការណ៍ស្ថានភាពសេដ្ឋកិច្ចពិភពលោក និងទស្សនវិស័យចេញដោយនាយកដ្ឋានកិច្ចការសេដ្ឋកិច្ច និងសង្គមរបស់អង្គការសហប្រជាជាតិ បានបង្ហាញថា ការព្យាករណ៍ខាងលើគឺនៅទាបជាង កំណើនសេដ្ឋកិច្ចជាមធ្យមក្នុងរយៈពេល ២ទសវត្សចុងក្រោយដែលធ្លាប់មាន ៣,១% មុនកើតមានជំងឺរាតត្បាត។
យ៉ាងណា ការព្យាករណ៍របស់ UN គឺទាបជាងការរំពឹងទុកពីមូលនិធិរូបិយប័ណ្ណអន្តរជាតិ IMF ដែលទស្សន៍ទាយថា កំណើនសេដ្ឋកិច្ចនាឆ្នាំ ២០២៣ នឹងមាន ២,៩% ខណៈអាចនឹងកើនដល់ ៣,១% នៅឆ្នាំ ២០២៤។
សូមជម្រាបថា អង្គការសហប្រជាជាតិបាននិយាយថា ខណៈពេលដែលទស្សនវិស័យសម្រាប់សហរដ្ឋអាមេរិក សហភាពអឺរ៉ុប និងប្រទេសចិនមានភាពប្រសើរឡើង ប៉ុន្តែសម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍ជាច្រើន កំណើនសេដ្ឋកិច្ចបានធ្លាក់ចុះ ចំពេលមានការរឹតបន្តឹងលក្ខខណ្ឌឥណទាន និងការកើនឡើងនៃការចំណាយហិរញ្ញវត្ថុពីខាងក្រៅ៕