សម្រាប់កិច្ចប្រជុំ G7 សារនេះ ប្រទេសជប៉ុនទទួលបានសិទ្ធធ្វើជាម្ចាស់ផ្ទះ ហើយសម្រាប់កិច្ចប្រជុំនីមួយៗ នឹងមានការការពារផ្នែកសន្តិសុខយ៉ាងពេញទំហឹង បន្ទាប់ពីពួកគេជួបឧបទ្ទវហេតុកាលពីឆ្នាំទៅ ដោយការលបលួចធ្វើឃាតអតីតនាយករដ្ឋមន្ត្រី Shinzo Abe។
យោងតាមការចុះផ្សាយពី CNA បានបង្ហាញថា កងសន្តិសុខដែលនឹងចូលបម្រើសេវាសន្តិសុខនាកិច្ចប្រជុំមួយធ្វើឡើងនៅទីក្រុងហ៊ីរ៉ូស៊ីម៉ា នឹងមានប្រមាណ ២៤ ០០០នាក់។
មុនកិច្ចប្រជុំចាប់ផ្ដើមចន្លោះថ្ងៃទី ១៩ ឧសភា ដល់ថ្ងៃទី ២១ ឧសភា កងកម្លាំងប៉ូលិសបានធ្វើការយាមល្បាតយ៉ាងតឹងតែង ដូចជាជិះម៉ូតូ និងឡានទៅតាមទីតាំងកិច្ចប្រជុំនីមួយៗ ដោយមានឧទ្ធម្ភាគចក្រហោះមកក្រឡឹងជាប្រចាំផងដែរ។
សូមជម្រាបដែរថា មេដឹកនាំមកពីសមាជិក G7 ជប៉ុន សហរដ្ឋអាមេរិក កាណាដា អង់គ្លេស បារាំង អាល្លឺម៉ង់ អ៊ីតាលី និងសហភាពអឺរ៉ុប នឹងត្រូវបានចូលរួមដោយភ្ញៀវកិត្តិយស រួមមានប្រធានាធិបតីប្រេស៊ីល Luiz Inacio Lula da Silva និងនាយករដ្ឋមន្ត្រីឥណ្ឌា Narendra Modi ៕