នាយករដ្ឋមន្ត្រីថៃ ប្រាយុទ្ធ ចាន់អូរចា បានអំពាវនាវឲ្យមានការសាមគ្គីភាព បន្ទាប់ពីគណបក្សគាំទ្រដោយយោធារបស់លោក ទទួលរងការបរាជ័យធ្ងន់ធ្ងរសម្រាប់ការបោះឆ្នោតសកលនាពេលកន្លង។
គណបក្សរួបរួមជាតិថៃ (United Thai Nation Party) ទទួលបានសម្លេងគាំទ្រតែ ៣៦ អាសនៈប៉ុណ្ណោះ នៅក្នុងសភាជាន់ទាបដែលមានសមាជិក ៥០០ ខណៈគណបក្សប្រឆាំង ឆ្ពោះទៅមុខ (Move Forward Party) និងគណបក្សភឿថៃ (Pheu Thai Party) ទទួលបានសម្លេងគាំទ្រ ១៥២អាសនៈ និង ១៤១អាសនៈ។
យ៉ាងណា កាលពីថ្ងៃអង្គារកន្លងទៅ លោក ប្រាយុទ្ធ ក៏បានអបអរសាទរជាមួយគណបក្សប្រឆាំងក្នុងការទទួលបានជ័យជំនះមួយនេះ ហើយលោកនឹងបន្តបំពេញតួនាទីរបស់លោករហូតដល់ការបង្កើតរដ្ឋាភិបាលថ្មី ស្របពេលអំពាវនាវឲ្យប្រជាជនធ្វើការរួមគ្នាដើម្បីអភិវឌ្ឍន៍ប្រទេសថែមទៀត។
“ខ្ញុំសុំអោយប្រជាពលរដ្ឋថៃទាំងអស់ ធ្វើការរួមគ្នាដើម្បីកសាងក្ដីស្រលាញ់ និងសាមគ្គីភាព ក៏ដូចជាធ្វើឲ្យប្រទេសរបស់យើងអាចមានស្ថិរភាព ដោយមិនមានបញ្ហាអ្វីទាំងអស់”។ នេះបើតាមសម្ដីរបស់លោកប្រាយុទ្ធបាននិយាយ។
សូមជម្រាបដែរថា បច្ចុប្បន្នគណបក្សប្រឆាំងកំពុងទទួលជ័យជំនះបណ្ដោះអាសន្ន ពោលត្រូវរង់ចាំរហូតដល់ខែកក្កដា ទើបអាចកំណត់បានថា អ្នកណានឹងក្លាយជានាយករដ្ឋមន្ត្រី ដ្បិតដើម្បីអាចក្លាយជានាយករដ្ឋមន្ត្រី និងកសាងរដ្ឋាភិបាលថ្មីមួយ បេក្ខភាពត្រូវការសម្លេងគាំទ្រយ៉ាងហោចណាស់ ៣៧៦អាសនៈ ដែលជាសម្លេងបូកបញ្ចូលគ្នាពីស្ថាប័នរដ្ឋសភា និងព្រឹទ្ធសភា។
សូមជម្រាបបន្ថែមថា គណបក្សឆ្ពោះទៅមុខកំពុងជជែកគ្នាជាមួយ ៤ គណបក្សផ្សេងទៀត ដើម្បីបូកអាសនៈ ក្នុងការបង្កើតរដ្ឋាភិបាលថ្មីមួយ ខណៈគណបក្សទាំង ៥ កំពុងស្ថិតនៅក្នុងការចរចាគ្នានៅឡើយ៕