សេចក្ដីព្រាងព្រះរាជក្រឹត្យ ស្ដីពី គោរមងារឧកញ៉ា ត្រូវបាន សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានដឹកនាំកិច្ចប្រជុំអន្តរក្រសួងដើម្បីពិនិត្យ និងពិភាក្សា នៅថ្ងៃទី ១៧ ខែឧសភា ឆ្នាំ២០២៣នេះ។
ក្នុងឱកាសនោះ សម្ដេចក្រឡាហោម ស ខេង លើកឡើងថា បន្ទាប់ពីឆ្លងកាត់កិច្ចប្រជុំពិភាក្សាជាច្រើនលើក កិច្ចប្រជុំនៅថ្ងៃនេះ ជាកិច្ចប្រជុំចុងក្រោយហើយសម្រាប់ការពិនិត្យ និងពិភាក្សាលើសេចក្ដីព្រាងព្រះរាជក្រឹត្យស្ដីពីគោរមងារឧកញ៉ា មុននឹងដាក់ជូនសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីសម្រេច និងចុះហត្ថលេខាទូលថ្វាយព្រះមហាក្សត្រ។
ជាមួយគ្នានោះ សម្តេចក្រឡាហោម បានឱ្យដឹងថា បច្ចុប្បន្ន កម្ពុជាមានអនុក្រឹត្យមួយពាក់ព័ន្ធនឹងឧកញ៉ាដែរ ហើយរដ្ឋក៏បានផ្ដល់គោរមងារឧកញ៉ាជូនសប្បុរសជនមានទឹកចិត្តសប្បុរសជួយជាតិ និងប្រជាជន ហើយក៏មានលំដាប់ឧកញ៉ាចំនួន៣ដែរដែលរួមមាន ឧកញ៉ា អ្នកឧកញ៉ា និងលោកអ្នកឧកញ៉ា ព្រមទាំងមានសមាគមធ្វើការងារពាក់ព័ន្ធនឹងឧកញ៉ាត្រូវបានបង្កើតឡើងជាបន្តបន្ទាប់។
បើតាម រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានមានប្រសាសន៍ថា «សម្រាប់សេចក្ដីព្រាងព្រះរាជក្រឹត្យ ស្ដីពី គោរមងារឧកញ៉ា នេះ បានកំណត់អំពីគោលការណ៍ លក្ខខណ្ឌ បែបបទ និងនីតិវិធីក្នុងការផ្ដល់គោរមងារឧកញ៉ា ដើម្បីផ្ដល់ការលើកទឹកចិត្តដល់រូបវន្តបុគ្គលជាប្រជាពលរដ្ឋខ្មែរមានគុណបំណាច់ផ្ទាល់ខ្លួន ចូលរួមអភិវឌ្ឍន៍ និងកសាងជាតិមាតុភូមិ»។
លើសពីនោះ ព្រះរាជក្រឹត្យនេះ ក៏បានកំណត់អំពីការគ្រប់គ្រង និងការបញ្ចប់គោរមងារឧកញ៉ា ដើម្បីធានាបាននូវសេចក្ដីថ្លៃថ្នូរ ទំនៀមទម្លាប់ប្រពៃណីល្អ សណ្ដាប់ធ្នាប់សាធារណៈ សន្តិសុខជាតិ និងអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម ហើយព្រះក្រឹត្យនេះ ក៏បានកំណត់គោរមងារឧកញ៉ាជា៣លំដាប់ដែរ គឺលំដាប់ទី១ លោកអ្នកឧកញ៉ា លំដាប់ទី២ អ្នកឧកញ៉ា និងលំដាប់ទី៣ ឧកញ៉ា។
គួរឱ្យដឹងផងដែរថា បើយោងតាមសេចក្ដីព្រាង ព្រះរាជក្រឹត្យ ស្ដីពី គោរមងារឧកញ៉ា មាន១០ជំពូក ដែលចែងអំពីបទប្បញ្ញត្តិទូទៅ ស្ថាប័នមានសមត្ថកិច្ច លក្ខខណ្ឌ និងលក្ខណៈសម្បត្តិដែលត្រូវផ្ដល់គោរមងារឧកញ៉ា យន្តការវាយតម្លៃ ឯកសណ្ឋានផ្លូវការរបស់គោរមងារ សិទ្ធិ និងកាតព្វកិច្ច ការបញ្ចប់គោរមងារ អន្តរប្បញ្ញត្តិ និងអវសានប្បញ្ញត្តិ៕