ឧកញ៉ា សុក រ៉ាដូ អ្នកជំនួញល្បីឈ្មោះមួយរូបក្នុងខេត្តស្វាយរៀង បានបន្តជាប់ឆ្នោតជាប្រធានសភាពាណិជ្ជកម្មខេត្តស្វាយរៀង ក្នុងការបោះឆ្នោតសម្រាប់អាណត្តិទី២ លើកទី១ នៅមន្ទីរពាណិជ្ជកម្មខេត្តស្វាយរៀង កាលពីថ្ងៃពុធ ទី១៧ ខែឧសភា ម្សិលមិញនេះ។
ការបោះឆ្នោតជ្រើសរើសសមាជិកជ្រើសតាំង និងប្រធានសភាពាណិជ្ជកម្មខេត្តស្វាយរៀង អាណត្តិទី២ លើកទី១ ត្រូវបានធ្វើឡើងតាមនិតិវិធីដែលបានគ្រោងទុក ខណៈដែលការបើក ការប្រកាសលទ្ធផល និងការបិទកម្មវិធីទាំងមូល គឺស្ថិតក្រោមអធិបតីភាព លោក សរ ស៊ុនហុន អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម លោក សុខា រ៉ាម អភិបាលរងនៃគណៈអភិបាលខេត្តស្វាយរៀង និងលោកឧកញ៉ា ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា។
ជាលទ្ធផលចំនួនអ្នកមកបោះឆ្នោតសរុបស្មើនឹង ៦១% នៃចំនួនអ្នកចុះឈ្មោះបោះឆ្នោតសរុប ក្នុងនោះជ្រើសរើសបានសមាជិកជ្រើសតាំងថ្មីចំនួន០៨ រូប ក្នុងចំណោមបេក្ខជនឈរឈ្មោះចំនួន ១១រូប ហើយឧកញ៉ា សុក រ៉ាដូ ត្រូវបានសមាជិកបន្តគាំទ្រជាប្រធានសភាពាណិជ្ជកម្មខេត្តស្វាយរៀង អាណត្តិទី២ លើកទី១ នេះជាបន្តទៀត។
សូមជម្រាបជូនថា ឧកញ៉ា សុក រ៉ាដូ ក៏ជាប្រធានសភាពាណិជ្ជកម្មខេត្តស្វាយរៀង អាណត្តិមុនផងដែរ។ លោក សុក រ៉ាដូ ត្រូវបានព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ប្រោសព្រះរាជទាន គោរមងារជាឧកញ៉ា នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២០៕