កាលពីថ្ងៃទី ១៧ ឧសភាកន្លងទៅ អង្គការសហប្រជាជាតិ(UN) បានអំពាវនាវសុំជំនួយប្រមាណ ៣,០៣ពាន់លានដុល្លារ ដើម្បីជួយដល់ប្រជាជនស៊ូដង់ ដែលកំពុងរងទុក្ខវេទនា ដោយសារសង្គ្រាមស៊ីវិល។
យោងតាមការចុះផ្សាយពី CNA បានបង្ហាញថា ដោយសារតែសង្គ្រាមដែលផ្ទុះឡើងកាលពីខែមុន អាចធ្វើឲ្យប្រជាជនស៊ូដង់ច្រើនជាង ១លាននាក់ នឹងរត់ភៀសខ្លួនទៅកាន់ប្រទេសជិតខាងក្នុងឆ្នាំនេះ។
“ថ្ងៃនេះ ប្រជាជនប្រហែល ២៥លាននាក់ ច្រើនជាងពាក់កណ្ដាលនៃចំនួនប្រជាជនស៊ូដង់សរុប ត្រូវការជំនួយមនុស្សធម៌ និងការការពារយ៉ាងលឿនបំផុត។ នេះគឺជាតួលេខខ្ពស់បំផុតដែលយើងបានឃើញនៅក្នុងប្រទេសមួយនេះ”។ នេះបើតាមសម្ដីរបស់លោក Ramesh Rajasingham ប្រធានការិយាល័យមនុស្សធម៌ នៃទីភ្នាក់ងារមនុស្សធម៌ UN។
សូមជម្រាបដែរថា ក្នុងទំហំទឹកប្រាក់ជាង ៣ពាន់លានដុល្លារនោះ UN នឹងប្រើប្រាស់ ២,៥៦ពាន់លានដុល្លារ ដើម្បីជួយដល់ប្រជាជននៅក្នុងប្រទេសស៊ូដង់ ខណៈ ៤៧០លានដុល្លារទៀត សម្រាប់ជួយដល់ប្រជាជនប្រមាណ ១,១លាននាក់ ដែលកំពុងរត់ភៀសខ្លួនពីសង្គ្រាមស៊ីវិល៕