ចិននឹងចាប់ផ្ដើមនាំចូលឈើពីអូស្ត្រាលីវិញ ក្រោយខកខានអស់រយៈពេលជាង ២ឆ្នាំ

អន្តរជាតិ

ប្រទេសចិន នឹងចាប់ផ្ដើមបន្ត​ការ​នាំចូលឈើ​ពី​ប្រទេសអូស្ត្រាលី​វិញ​ ខណៈការ​ចរចាអំពី​ដំណើរទស្សនកិច្ច​របស់​នាយករដ្ឋមន្ត្រី​ Anthony Albanese ទៅកាន់​ទីក្រុង​ប៉េកាំង​កំពុង​ស្ថិត​ក្នុង​ការ​ពិចារណា។ នេះបើតាម​សម្ដដី​របស់ឯកអគ្គរដ្ឋទូតចិនប្រចាំទីក្រុងកង់បេរ៉ា​បាននិយាយ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ដោយឡែក CNA បានរាយការណ៍​បន្ថែមថា ការនាំចូលឈើពី​អូស្ត្រាលី ទៅកាន់​ប្រទេសចិន​បានផ្អាក​កាលពីចុងឆ្នាំ ២០២០ ដោយសារ​រដ្ឋាភិបាលក្រុងប៉េកាំង​រកឃើញថា មានសត្វល្អិតនៅក្នុងការដឹកជញ្ជូនមកពីកំពង់ផែអូស្ត្រាលីជាច្រើន។

“កាលពីម្សិលមិញ គយ​ចិន​បាន​ជូន​ដំណឹង​ជា​ផ្លូវ​ការ​ទៅ​រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម​អូស្ត្រាលី​ថា ចាប់​ពី​ថ្ងៃ​នេះ​ទៅ ចិន​នឹង​បន្ត​ការ​នាំ​ចូល​ឈើ​អូស្ត្រាលី​ឡើង​វិញ”។ នេះបើតាមការ​អះអាងពី​ឯកអគ្គរដ្ឋទូត Xiao Qian បាន​លើកឡើង។

គួរជម្រាបដែរថា ទំហំពាណិជ្ជកម្ម​លើ​ផលិតផល​ឈើ​រវាង​ចិន និង​អូស្ត្រាលី​មាន​ប្រមាណ ៤០៧លានដុល្លារ​ប្រចាំឆ្នាំ ខណៈការបើកដំណើរការឡើងវិញ ចំពោះការនាំចេញឈើអូស្ត្រាលី កើតឡើងប៉ុន្មានថ្ងៃបន្ទាប់ពីរដ្ឋមន្ត្រីពាណិជ្ជកម្មអូស្ត្រាលីលោក Don Farrell ត្រឡប់ពីបំពេញទស្សនកិច្ចនៅទីក្រុងប៉េកាំង។

ដោយឡែក ឯកអគ្គរដ្ឋទូត Xiao Qian ក៏បានបង្ហើបដែរថា លោករំពឹងថាដំណើរទស្សនកិច្ច​របស់​នាយករដ្ឋមន្ត្រីអូស្ត្រាលីទៅកាន់ប្រទេសចិន នឹងកើតមានឡើងឆាប់ៗ ពោលអាចនឹងកើតឡើង​នៅឆមាសទី ២ នៃឆ្នាំនេះ៕