ចំនួនបុគ្គលដែលមានទ្រព្យសម្បត្តិច្រើនលើសលុប ឬគេនិយមហៅថា UHNWIs នៅទីក្រុងហុងកុង និងប្រទេសចិនមានការធ្លាក់ចុះកាលពីឆ្នាំទៅ ខណៈនៅសិង្ហបុរីបែរជាមានការកើនឡើងខ្ពស់ទៅវិញ។ នេះបើតាមរបាយការណ៍ពី Knight Frank បានចេញផ្សាយ។
ប្រភពខាងលើបានកំណត់ន័យ បុគ្គលដែលមានទ្រព្យច្រើនជាង ៣០លានដុល្លារ នឹងរាប់ចូលជា UHNWI ខណៈ Henley & Partners កំណត់ន័យថា បុគ្គលដែលមានទ្រព្យច្រើនជាង ១លានដុល្លារ ស្ថិតក្នុងក្រុម High net worth individuals (HNWIs)។
ចំនួន UHNWIs នៅហុងកុងធ្លាក់ចុះប្រហែល ៦% កាលពីឆ្នាំទៅ មកនៅត្រឹម ៥ ៦៨៦នាក់ ប៉ុន្តែ Knight Frank ព្យាករថា វានឹងកើនឡើងដល់ ៧ ២៨០នាក់វិញនៅឆ្នាំ ២០២៧ ខណៈនៅប្រទេសចិនមានចំនួន ៨៨ ០២៤នាក់ ថយចុះ ៥,៩%កាលពីឆ្នាំ ២០២២។
ផ្ទុយស្រឡះពីទីក្រុងហុងកុង ចំនួនបុគ្គលមានទ្រព្យច្រើនលើសលុបនៅសិង្ហបុរី បែរជាឃើញមានការកើនលើងប្រហែល ៦,៩%ទៅវិញ ស្របពេលចន្លោះឆ្នាំ ២០១២ ដល់ ២០២២ ចំនួន HNWIs នៅប្រទេសកូនខ្លាសេដ្ឋកិច្ចអាស៊ី កើនឡើង ៤០% ខណៈនៅហុងកុងធ្លាក់ចុះ ២៧%។
សូមជម្រាបដែរថា ចន្លោះឆ្នាំ ២០២១ និង ២០២២ មានឈ្មោះប្រទេសនៅអាស៊ាន ៣ ក្នុងបញ្ជី Top 10 ប្រទេសដែលមាន UHNWIs ច្រើនបំផុតលើលោក ដែលក្នុងនោះមានដូចជា ម៉ាឡេស៊ី កើនឡើង ៩,៤% ឥណ្ឌូណេស៊ីកើនឡើង ៩% និងសិង្ហបុរីកើនឡើង ៦,៩%។
ដោយឡែក Knight Frank ក៏បានបន្ថែមទៀតថា ចន្លោះឆ្នាំ ២០២២ ដល់ ២០២៧ នឹងមានប្រទេសអាស៊ី ៥ ដែលនឹងជាប់ក្នុងបញ្ជី Top 10 ដោយចំនួន UHNWI របស់ពួកគេអាចកើនចន្លោះពី ៤៤,៨ ដល់ ៥៨,៤% ខណៈប្រទេសទាំងនោះមានដូចជា ឥណ្ឌា កូរ៉េខាងត្បូង ហ្វីលីពីន ចិន និងម៉ាឡេស៊ី៕