ស្ថាបនិក Theranos អតីតមហាសេដ្ឋីស្រី Elizabeth Holmes នឹងចាប់ផ្តើមអនុវត្តទោសជាប់ពន្ធនាគាររបស់នាង ពីថ្ងៃទី ៣០ ខែឧសភានេះទៅ បន្ទាប់ពីរកឃើញថាបានបោកប្រាស់វិនិយោគិន សម្រាប់ផលិតផលតេស្តឈាមបរាជ័យ ក្នុងតម្លៃប្រមាណ ៩ពាន់លានដុល្លារ។
យោងតាមការចុះផ្សាយពី CNA បានបង្ហាញថា ចៅក្រមស្រុកអាមេរិក Edward Davila បានសម្រេចដាក់ទោស អ្នកស្រី Holmes ឲ្យជាប់ពន្ធនាគាររយៈពេល ១១ឆ្នាំ និង ៣ខែ។
នាងបានសុំឱ្យសាលាឧទ្ធរណ៍ទី៩ នៃសហរដ្ឋអាមេរិកផ្អាកការកាត់ទោស កាលពីថ្ងៃទី ២៥ ខែមេសា ពីរថ្ងៃមុនពេលនាងត្រូវបានគេរាយការណ៍ទៅពន្ធនាគារ ប៉ុន្តែតុលាការបានបដិសេធសំណើនោះកាលពីថ្ងៃអង្គារ។
គួររំលឹកដែរថា ទស្សនាវដ្ដី Forbes បានដាក់ឈ្មោះថា Holmes ជាមហាសេដ្ឋីស្រីវ័យក្មេងបំផុតរបស់ពិភពលោកក្នុងឆ្នាំ២០១៤ នៅពេលនាងមានអាយុ ៣០ឆ្នាំ ហើយភាគហ៊ុនរបស់នាងនៅក្នុង Theranos មានតម្លៃ ៤,៥ពាន់លានដុល្លារនាពេលនោះ។
ប៉ុន្តែក្រោយ Theranos បានដួលរលំ បន្ទាប់ពីក្រុមហ៊ុន Wall Street Journal បានចុះផ្សាយអត្ថបទជាបន្តបន្ទាប់ក្នុងឆ្នាំ២០១៥ ដោយបានចោទសួរអំពីបច្ចេកវិទ្យារបស់វា៕