ក្នុងកិច្ចប្រជុំពេញអង្គរគណៈរដ្ឋមន្ត្រី នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៣ នាវិមានសន្តិភាព សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ទទួលយកគម្រោងផ្លូវនាវាចរណ៍ និងប្រព័ន្ធភស្តុភារកម្មទន្លេបាសាក់ដែលគណៈកម្មការអន្តរក្រសួងបានស្នើឡើងមកនិងប្រសិទ្ធនាមផ្លូវនាវាចរណ៍នេះថា «ព្រែកជីកហ្វូណនតេជោ»។
ដើម្បីអនុវត្តគម្រោងនេះសម្ដេចតេជោ ហ៊ុន សែន បានប្រគល់ភារកិច្ចឲ្យលោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងជាប្រធានគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា សហការជាមួយលោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន អនុវត្តនីតិវិធីជូនដំណឹងអំពីគម្រោងជីកស្តារព្រែក ចាប់ពីព្រែកតាកែវ ឆ្លងកាត់ព្រែកតាឯក រួចចូលតាមព្រែកតាហ៊ីង និងបន្តរហូតដល់សមុទ្រខេត្តកែប ដោយឆ្លងកាត់ខេត្តចំនួន៤ រួមមាន៖ ខេត្តកណ្តាល ខេត្តតាកែវ ខេត្តកំពត និងខេត្តកែប ទៅគណៈកម្មាធិការចម្រុះនៃគណៈកម្មការទន្លេមេគង្គ ស្របតាមមាត្រា៥ នៃកិច្ចព្រមព្រៀងមេគង្គឆ្នាំ១៩៩៥ ស្តីពីការប្រើប្រាស់ទឹកដោយសមហេតុផល និង សមធម៌នៅក្នុងដែនដីរៀងៗខ្លួន។
ជាមួយគ្នានេះ សម្តេចតេជោប្រគល់ភារកិច្ចជូនលោក ស៊ុន ចាន់ថុល និងលោក លឹម គានហោ ដឹកនាំគណៈប្រតិភូធ្វើការឧទ្ទេសនាមបំភ្លឺជុំវិញគម្រោងស្តារព្រែកជីកហ្វូណនតេជោ ក្នុងករណីមានប្រទេសជាសមាជិកគណៈកម្មាធិការចម្រុះនៃគណៈកម្មការទន្លេមេគង្គស្នើសុំឱ្យមានការពន្យល់បន្ថែមលើការងារនេះ។
បន្ថែមពីនេះ សម្ដេចតេជោនាយករដ្ឋមន្ត្រី បានប្រគល់ភារកិច្ចជូនលោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្តី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដឹកនាំការរៀបចំគម្រោងវិនិយោគផ្លូវនាវាចរណ៍ ទន្លេបាសាក់នេះ ឱ្យបានច្បាស់លាស់ និងស៊ីជម្រៅលើគ្រប់ទិដ្ឋភាព រួចធ្វើរបាយការណ៍ លម្អិតគោរពជូនសម្តេចតេជោនាយករដ្ឋមន្ត្រី ដើម្បីស្នើសុំគោលការណ៍ក្នុងកិច្ចសហការ អាជីវកម្មជាមួយដៃគូអភិវឌ្ឍន៍៕