ប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelenskyy ត្រូវបានគេរំពឹងថា នឹងមានវត្តមានដោយផ្ទាល់សម្រាប់កិច្ចប្រជុំ G7 នៅទីក្រុងហ៊ីរ៉ុស៊ីម៉ា ប្រទេសជប៉ុននាចុងសប្ដាហ៍នេះ ជាមួយគោលបំណងសុំជំនួយបន្ថែមពីសម្ព័ន្ធមិត្ត ដែលជាប្រទេសអ្នកមានទាំងនេះ។
មន្ត្រីដែលបង្ហើបពីរឿងនេះ មិនបានបញ្ជាក់ពីពេលវេលាច្បាស់លាស់នៃការធ្វើដំណើររបស់លោក Zelenskyy ឡើយ ដើម្បីរក្សាសុវត្ថិភាពរបស់លោក ខណៈមេដឹកនាំក្រុម G7 ទាំងអស់កំពុងជំនុំគ្នានៅទីក្រុងហ៊ីរ៉ូស៊ីម៉ា ហើយសម្រាប់កិច្ចប្រជុំរយៈពេល ៣ថ្ងៃនេះ នឹងជជែកគ្នាពីបញ្ហាសង្គ្រាមរុស្ស៊ីនៅអ៊ុយក្រែន។ នេះបើតាមការចុះផ្សាយពី NYTimes។
បន្ថែមពីនោះ ពួកគេក៏ទំនងនឹងពិភាក្សាគ្នាពីការដាក់ទណ្ឌកម្មសេដ្ឋកិច្ចបន្ថែម និងពិចារណាចំពោះសំណើសុំយន្តហោះចំបាំង F-16 ពីរដ្ឋាភិបាលទីក្រុងគៀវ ក៏ដូចជាអំពីលទ្ធភាពនៃការចរចាលើសន្ធិសញ្ញាបទឈប់បាញ់ ឬសន្តិភាពផងដែរ។
សូមជម្រាបដែរថា គិតមកទល់ពេលនេះមិនទាន់មានព័ត៌មានសាធារណៈណាដែលបញ្ជាក់ពីផែនការរបស់លោក Zelenskyy ឡើយ ខណៈសារព័ត៌មានអ៊ុយក្រែនចុះផ្សាយថា លោកនឹងចូលរួមកិច្ចប្រជុំតាមរយៈអនឡាញ។
ប៉ុន្តែកន្លងទៅថ្មីៗនេះ ប្រធានាធិបតីអ៊ុយក្រែនបានបំពេញទស្សនកិច្ចទៅអង់គ្លេស និងតំបន់អឺរ៉ុបមួយចំនួនរួចទៅហើយ ដូច្នេះលទ្ធភាពនៃការចូលរួមកិច្ចប្រជុំនៅជប៉ុនដោយផ្ទាល់នៅតែមាន បើសិនជាលោកត្រូវការជំនួយជាចាំបាច់៕