នាយករដ្ឋមន្ត្រីជប៉ុន និងចូ បៃដិន សម្តែងការសាទរ ចំពោះសម្ព័ន្ធភាពរឹងមាំរវាងប្រទេសទាំងពីរ

អន្តរជាតិ

នាយករដ្ឋមន្ត្រីជប៉ុន លោក Fumio Kishida និងប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន បានសម្តែងការសាទរយ៉ាងខ្លាំង ចំពោះការវិត្តន៍ នៃសម្ព័ន្ធភាពរវាងប្រទេសទាំងពីរ ខណ:ពេលដែលមេដឹកនាំប្រទេសទាំងពីរ បានជួបពិភាក្សាទ្វេភាគី នៅក្នុងទីក្រុង Hiroshima មុនកិច្ចប្រជុំកំពូល G7 ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

មុនឈានដល់កិច្ចប្រជុំនោះ លោក បៃដិន បាននិយាយប្រាប់ទៅកាន់អ្នកសារព័ត៌មានថា ៖ “​ចំណុចសំខាន់បំផុតគឺថា នៅពេលដែលប្រទេសយើងទាំងពីរឈរជាមួយគ្នា គឺយើងឈរកាន់តែរឹងមាំ ហើយខ្ញុំជឿជាក់ថាពិភពលោកទាំងមូលនឹងមានសុវត្ថិភាពជាងមុន នៅពេលយើងធ្វើដូចនេះ ” ។

ជាមួយគ្នានេះផងដែរថា លោក Kishida បានហៅសម្ព័ន្ធភាពនេះថាជាមូលដ្ឋានគ្រឹះនៃសន្តិភាព និងសន្តិសុខ នៅក្នុងតំបន់ឥណ្ឌប៉ាស៊ីហ្វិក ដែលជាតែងជាឃ្លាដ៏សំខាន់ និងត្រូវបានលើកយកមកប្រើជាញឹកញាប់ ដើម្បីពិពណ៌នាអំពីទំនាក់ទំនងទ្វេភាគី នៅពេលប្រទេសទាំងពីរឈានដល់ចំណុចកំពូលមួយ ។

មិនតែប៉ុណ្ណោះ មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលជប៉ុន បាននិយាយទៀតថា មេដឹកនាំប្រទេសទាំងពីរ បានពិភាក្សាគ្នាលើបញ្ហាជាច្រើន ចាប់ពីការសម្របសម្រួលសន្តិសុខតំបន់ និងសន្តិសុខសេដ្ឋកិច្ច រួមទាំងការឆ្លើយតបរួមគ្នារបស់សម្ព័ន្ធមិត្ត ចំពោះបញ្ហាសង្គ្រាមនៅអ៊ុយក្រែន រហូតដល់ការរឹតបន្តឹងចំណងទំនាក់ទំនងទ្វេភាគីឡើងវិញ​ រវាងជប៉ុន និងកូរ៉េខាងត្បូង ផងដែរ។

ជម្រាបជូនផងដែរថា ទំនាក់ទំនងទ្វេភាគីរវាងរដ្ឋាភិបាលទីក្រុងតូក្យូ និងរដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន បានឈានដល់ចំណុចកំពូល ចាប់តាំងពីលោក Kishida បានចូលកាន់តំណែង ក្នុងខែតុលា ឆ្នាំ ២០២១ មក នៅពេលដែលនាយករដ្ឋមន្ត្រីរូបនេះ បានត្រួតពិនិត្យលើការផ្លាស់ប្តូរយ៉ាងខ្លាំង នៅក្នុងគោលនយោបាយសន្តិសុខរបស់ទីក្រុងតូក្យូ រួមទាំងការដំឡើងថ្លៃចំណាយលើវិស័យការពារជាតិ ដែលត្រូវបានស្វាគមន៍យ៉ាងខ្លាំង ពីសំណាក់សហរដ្ឋអាមេរិក៕